សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ

បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ទីបំផុតអតីតខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានជាប់ជម្រើស១១នាក់ដំបូងឡើងវិញ និងស៊ុតបញ្ជូលទី ១គ្រាប់ ក្រោយពីបញ្ហារបួសអស់ជាច្រើនខែ នឹងបានជួយឱ្យ បឹងកេត យកឈ្នះ គិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣ទល់១ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី១៣។

ពិតណាស់ក្រោយពីបញ្ហារបួសអស់ជាច្រើនខែ មែនទែនទៅ នេះគឺជាគ្រាប់បាល់ដំបូងហើយរបស់ ចាន់ វឌ្ឍនាកា នៅលីគកំពូលកម្ពុជា រដូវកាលនេះ ខណៈ ១២ប្រកួតកន្លងមក រូបគេហាក់មិនសូវបានបង្ហាញខ្លួនជាប់លាប់ ហើយមិនបានជាប់ជម្រើស១១នាក់ដំបូងនោះទេ ដោយភាគច្រើនអង្គុយកៅអីបម្រុង។

ការបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង ទល់នឹងគីរីវង់សុខសែនជ័យ កាលពីយប់មិញនេះ កីឡាកររហស្សនាម CV11 គេសង្កេតឃើញថា ការបញ្ចប់ទីនៅច្បាស់ទីដូចដើម ដូច្នេះអ្នកគាំទ្រសង្ឃឹមថា វឌ្ឍនាកា នឹងព្យាយាមហ្វឹកហាត់ឲ្យបានល្អ ដើម្បីប្រជែងតំណែង ១១នាក់ដំបូងសារជាថ្មីនាប្រកួតបន្តបន្ទាប់ទៀត។

ក្រោយពីយកឈ្នះ គិរីវង់សុខសែនជ័យ ធ្វើឱ្យ បឹងកេត មាន ១៧ពិន្ទុ ឈរលេខ៦ ក្នុងតារាងចំណាត់ថ្នាក់សប្ដាហ៍ទី១៣ ដោយ ១១ប្រកួត ឈ្នះ៥ ស្មើរ២ និងចាញ់៤ មាន ១៧ពិន្ទុ។

គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១៣នេះ ក្រុមភ្នំពេញក្រោន នៅតែបន្ដឈរកំពូលតារាង មាន ៣៤ពិន្ទុ មានគ្រាប់បាល់ចំណេញ ៣៤គ្រាប់, វិសាខា ឈរលេខ២ មាន ២៦ពិន្ទុ មានគ្រាប់បាល់ចំណេញ ២១គ្រាប់, លេខ៣ ព្រះខ័នរាជស្វាយរៀង មាន ២២ពិន្ទុ មានគ្រាប់បាល់ចំណេញ ២៤គ្រាប់៕