* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំង លោក ឃួន ឡាប៊ូរ៉ាវី ជាគ្រូបង្គោលជម្រើសជាតិនារី
អតីតកីឡាករជម្រើសជាតិកម្ពុជា លោក ឃួន ឡាប៊ូរ៉ាវី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសជាគ្រូបង្គោលជម្រើសជាតិនារីកម្ពុជា ជាផ្លូវការ សម្រាប់ការដឹកនាំចូលរួមប្រកួតពានរង្វាន់ AFF Women's Cup 2024 នៅប្រទេសឡាវ នាចុងខែវិច្ឆិកានេះ។
ពិតណាស់ លោក ឃួន ឡាប៊ូរ៉ាវី ត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ក្នុងប្រអប់ទីរបស់ដៃគូប្រកួត ដោយគាត់ធ្លាប់ឈ្នះស្បែកជើងមាស ២លើកជាប់គ្នានៅពេលលេងឱ្យព្រះខ័នរាជស្វាយរៀងឆ្នាំ២០១១ ដោយរកបាន ២២គ្រាប់ និងឆ្នាំ២០១២ រកបាន ២២គ្រាប់ទៀត ព្រមទាំងឈ្នះ២ដងទៀតផថដែរ នៅពេលលេងនៅបឹងកេត គឺឆ្នាំ២០១៤ រកបាន ១២គ្រាប់ និងឆ្នាំ២០១៧ រកបាន ១៦ គ្រាប់ ធ្វើឱ្យលោកបានក្លាយជាកីឡាករដែលឈ្នះស្បែកជើងមាសច្រើនជាងគេបំផុតក្នុងពានរង្វាន់ Hun Sen Cup ។
លើសពីនេះទៅទៀត នេះជាភារកិច្ចធំលើកដំបូងដែលអតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ព្រះខ័នរាជស្វាយរៀង និង បឹងកេត បានទទួលបានក្នុងនាមជាគ្រូបង្វឹកវ័យក្មេងមួយរូបដែលដឹកនាំក្រុមនារីកម្ពុជា។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិនារីកម្ពុជា នឹងចូលរួមប្រកួតពានរង្វាន់ AFF Women's Cup 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ ខាងមុខនេះ។