* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ពាក្យចចាមអារ៉ាមថា Man Utd កំពុងសម្លឹងរកទិញអ្នកចាំទីថ្មីមកជំនួស De Gea
ក្លឹប Manchester United កំពុងចង់ទិញអ្នកចាំទីថ្មី មកជំនួសអ្នកចាំទីដៃទីមួយ David De Gea។ នេះបើតាមចុះផ្សាយដោយសារព័ត៌មានល្បីឈ្មោះរបស់អង់គ្លេស Metro។
យោងតាម Metro អ្នកចាត់ការក្លឹប Man Utd លោក Erik Ten Hag ចង់បានអ្នកចាំទីដែលពូកែចាំទី ហើយព្រមទាំងពូកែបញ្ជូនបាល់ដល់កីឡាករឯទៀតពីតំបន់ចាំទី។ ការលើកឡើងខ្លះបានបញ្ជាក់ថា De Gea ពូកែខាងចាំទី ប៉ុន្តែកីឡាករអេស្ប៉ាញរូបនេះមិនសូវប្រថុយក្នុងការបញ្ជូនបាល់ពីតំបន់ចាំទី។ ហេតុនេះហើយ ទើបលោក Ten Hag ចង់បានអ្នកចាំទីថ្មីមកជំនួស De Gea។

បើតាមប្រភពដដែល ក្លឹបបិសាចក្រហម ចង់ទិញកីឡាករព័រទុយហ្គាល់វ័យ ២៣ឆ្នាំ Diogo Costa ដែលបច្ចុប្បន្នកំពុងលេងជាអ្នកចាំទីដៃទីមួយឲ្យក្លឹប Porto។ តម្លៃកីឡាករនេះ ត្រូវបានប៉ាន់ស្មានថាប្រមាណ ៣០ លានផោន (ប្រមាណ ៣៣ លានដុល្លារសហរដ្ឋអាមេរិក)។ ការវិភាគខ្លះបានលើកឡើងថា Costa ពូកែចាប់បាល់ និងមានសមត្ថភាពហ៊ានបញ្ជូនបាល់ពីតំបន់ចាំទី។

គួរបញ្ជាក់ផងដែរថា De Gea គឺជាអ្នកចាំទីចាស់វស្សារបស់ក្លឹបបិសាចក្រហមតាំងពីឆ្នាំ ២០១១ មក។ កីឡាករអេស្ប៉ាញវ័យ ៣១ឆ្នាំ មានកុងត្រាជាមួយក្លឹបរយៈពេលប្រមាណ ១ ឆ្នាំទៀតប៉ុណ្ណោះ (អាចមានលទ្ធភាពបន្តកុងត្រា ១ ឆ្នាំថែមទៀតបើមានកិច្ចព្រមព្រៀងជាមួយគ្នា)៕