* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Fofana ពីក្មេងដឹកនំ Pizza ក្លាយទៅជាសមាជិកដ៏សំខាន់ដែលជួយបារាំងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2022..
Youssouf Fofana ខ្សែបម្រើវ័យក្មេងដែលត្រូវបានក្រុមជម្រើសជាតិបារាំងកោះហៅមកពីក្លឹប AS Monaco បានក្លាយជាផ្នែកមួយដ៏សំខាន់ដែលបានជួយអោយបារាំងយកឈ្នះម៉ារ៉ុក 2-0 ឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ World Cup 2022 នេះ។
គួរបញ្ជាក់ថា Youssouf Fofana បានចូលលេងក្នុងជម្រើស 11 នាក់ដំបូងទល់នឹងម៉ារ៉ុកកាលពីយប់មិញ គឺដោយសារតែខ្សែបម្រើកីឡាករ Adrien Rabiot បានឆ្លងជំងឺជាមួយខ្សែការពារកណ្ដាលកីឡាករ Dayot Upamecano ដែលជាហេតុធ្វើអោយពួកគេទាំងពីរអវត្តពេលប៉ះម៉ារ៉ុកកាលពីយប់មិញ។

សម្រាប់អ្នកដែលមិនបានតាមដានលីគកំពូលបារាំង (Ligue 1) អ្នកប្រហែលជាឆ្ងល់ថាតើខ្សែបម្រើកណ្តាលវ័យ 23 ឆ្នាំរូបនេះជានរណា? តោះទៅដឹងអំពីដំណើរជីវិតរបស់ Fofana ទាំងអស់គ្នា៖
Fofana កើតនៅទីក្រុងប៉ារីសនៅថ្ងៃទី10 ខែមករា ឆ្នាំ 1999 ក្នុងគ្រួសារដែលមានសញ្ជាតិកូតឌីវ័រ និងម៉ាលី ហើយរូបគេមានបងប្អូនចំនួន 7 នាក់ប្រុស 3 នឹងស្រី 4។

Fofana បានចាប់ផ្តើមអាជីពបាល់ទាត់របស់គេនៅក្នុងក្រុមយុវជនរបស់ Esperance Paris មុនពេលផ្លាស់ទៅ Red Star។ ដោយរូបគេបានចំណាយពេលពីឆ្នាំ 2014-2017 ជាមួយក្រុម JA Drancy Amateur នឹងបានឆ្លៀតពេលសម្រាកពីការហាត់ និងទៅធ្វើការនៅហាងនំ Pizza ដើម្បីរកប្រាក់បន្ថែមពីការការលេងបាល់ទាត់។
នៅក្នុងឆ្នាំ 2017 Fofana ត្រូវបានក្លឹប RC Strasbourg ដែលជាក្លឹបក្នុងលីគកំពូលបារាំងចាប់អារម្មណ៍ ហើយរូបគេក៏បានផ្លាស់ទៅចូលរួមជាមួយក្រុមយុវជនរបស់ក្រុមមួយនេះ។ ខណៈដែលនៅក្នុងឆ្នាំ 2018 Fofana ក៏ទទួលបានឱកាសតំឡើងទៅក្រុមឈុតធំ RC Strasbourg។

ក្រោយពីបានបង្ហាញបចេ្ចកទេសលេងបានយ៉ាងល្អនៅក្រុម RC Strasbourg Fofana ក៏ត្រូវបានក្រុម AS Monaco ចុះកុងត្រាយករូបគេមករួមក្រុមក្នុងទំហំទឹកប្រាក់ 15 លានអឺរ៉ូក្នុងឆ្នាំ 2020។

គួរបញ្ជាក់ថា Fofana ធ្លាប់លេងអោយក្រុមជម្រើសជាតិបារាំងកម្រិត U19, U20 នឹង U21 មុននឹងត្រូវបានក្រុមជម្រើសជាតិឈុតធំបារាំងកោះហៅក្នុងឆ្នាំ 2022 នេះ។ ខណៈដែល Fofana អាចបង្ហាញខ្លួនជាលើកដំបូងអោយបារាំងក្នុងខែកញ្ញា ឆ្នាំ 2022 ក្នុងជ័យជម្នះ 2-0 លើប្រទេសអូទ្រីសក្នុងការប្រកួតពាន UEFA Nations League។
