ទើបឡើងមកមែនប៉ុន្តែគ្រូបង្គោលរបស់ក្លឹបអាយអេសអាយ ចង់រក្សាតំណែងមួយនេះរយៈពេល…

ក្លឹបចំណូលថ្មីដែលទើបតែដំឡើងមកកាន់ក្របខណ្ឌកំពូលរបស់កម្ពុជា គឺក្លឹបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ បច្ចុប្បន្នកំពុងធ្វើបានល្អជាខ្លាំង ពោលគិតត្រឹមដើមឆ្នាំ២០២៤នេះក្លឹបម្ចាស់ដី AIA Stadium ឈរនៅចំណាប់ថ្នាក់លេខរៀងទី៤ក្នុងតារាងពិន្ទុ Cambodia Premier League ២០២៣-២០២៤នេះ។

យ៉ាងណាមិញក្រោយឆ្លងកាត់១៥ប្រកួតកន្លងទៅរកបាន២៣ពិន្ទុឈរនៅលេខរៀងទី៤ ខណៈបឹងកេងកំពុងតាមពីក្រោយអាយអេសអាយ ដោយមាន២០ពិន្ទុឈរនៅចំណាប់ថ្នាក់លេខរៀងទី៥។

យ៉ាងណាក្ដីចំណាប់ថ្នាក់ដែលអាយអេសអាយ កំពុងឈរក្នុងតារាងពិន្ទុ Cambodia Premier League នាពេលនេះពុំទាន់សុវត្តិភាពឡើយព្រោះនាំមុខក្រុមលេខ៥តិចពិន្ទុពេក ដែលនេះជាហេតុធ្វើអោយលោក John Botioba ដែលជាគ្រូបង្គោលរបស់ក្លឹបបាល់ទាត់អាយអេសអាយ ដង្គោសែនជ័យ មិនស្រណុកចិត្តប៉ុន្មានទេ។

ទោះបីជាយ៉ាងណាក៏ដោយត្បិតក្រុមខ្លួនទើបតែដំឡើងមកពីលីគទី២ក៏ពិតមែន តែលោក John Botioba បានលើកឡើងថា លោកចង់អោយក្រុមរបស់ខ្លួនរក្សាតំណែង Top អោយបានយូតាមដែលអាចធ្វើបាន។

គួរបន្ថែមផងដែលថាក្លឹបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ អាចនិយាយបានថាធ្វើបានល្អជាពន់ពេកហើយក្នុងរដូវកាលឆ្នាំ២០២៣-២០២៤នេះ ហើយលោក John Botioba ក៏អាចនិយាយបានថាជាគ្រូបង្គោលម្នាក់ដែលជោគជ័យខ្លាំងជាមួយក្លឹបក្នុងការបង្ហាញខ្លួនក្នុងក្របខណ្ឌកំពូលរបស់កម្ពុជាសម្រាប់លើកដំបូងរបស់ខ្លួន៕