អ្នកលេងគុនខ្មែរលន បញ្ញា លើកឡើងបែបនេះមុនប៉ះផេតដាំនាពេលខាងមុខ...

ជារឿងដ៏កក្រើកទៀតហើយដែលក្រុមហ៊ុនភេជ្ជប៉ូវកម្លាំងគ្រុឌផ្ដល់ជូនកាដូចុងខែជូនអ្នកគាំទ្រសង្វ្រៀន Krud Kun Khmer ដែលតម្រូវអោយកីឡាករលន បញ្ញា ជួបប្រកួតគ្នាដណ្ដើមខ្សែក្រវ៉ាត់ស្ដេចគ្រុឌជាមួយកីឡាករជើងខ្លាំងថៃផេតដាំនៅថ្ងៃទី៣១ខែមិនាខាងមុខ ខណៈលក្ខណនៃការប្រកួតវិញតម្រូវអោយវាយ៥ទឹក។

យ៉ាងណាមិញមុនការប្រកួតចូលមកដល់កីឡាករលន បញ្ញា បានបង្ហើបអំពីសម្ថតភាពរបស់ដៃគូរខ្លួនតាមរយៈឃ្លីបវិដេអូមួយថា “ ផេតដាំជាកីឡាករល្អ ជាប្រភេទកីឡាករវ៉ៃ ហើយអាវុធរបស់ផេតដាំគេចេញបានច្បាស់ល្អ សម្រាប់ខ្ញុំក៏មានក្ដីបារម្ភចំពោះផេតដាំផងដែរ ព្រោះគេចេញអាវុធលឿនហើយធ្ងន់ តែខ្ញុំក៏នឹងព្យាយាមអោយកាន់តែខ្លាំងទ្វេដងជួបអ្នកខ្លាំងយើងក៏ត្រូវតែខ្លាំង ”។

ទោះបីជាយ៉ាងណាក៏ដោយអ្នកលេងគុនខ្មែរលន បញ្ញាមិននឹកស្មានឡើយថាត្រូវប៉ះគ្នាជាមួយកីឡាករលំដាប់របស់ប្រទេសថៃរូបនេះ ដោយហេតុកន្លងមកផេតដាំ គេធ្លាប់តែបង្ហាញវត្តមានក្នុងកម្មវិធីធំៗ តែពេលនេះបង្ហាញអោយឃើញថាវិស័យកីឡាករប្រដាល់គុនខ្មែរយើងកាន់តែរីកចម្រើនហើយដែលយើងអាចទាក់ទាញផេតដាំអោយមកប្រកួតជាមួយកីឡាករលំដាប់របស់កម្ពុជាយើង។

គួរបន្ថែមផងដែលផេតដាំគឺជាកីឡាករល្អឈរលំដាប់ខ្ពស់របស់ប្រទេសថៃ ដែលគេជាប្រភេទកីឡាករដែលមានផ្លែអាវុធច្បាស់ហើយលឿន សម្រាប់ភាពស៊ូវិញបងប្អូនអ្នកស្នេហាវិស័យកីឡាករប្រដាល់ប្រាកដជាដឹងច្បាស់ហើយថារូបគេបែបណា ដោយឡែកអ្នកលេងគុនខ្មែរលន បញ្ញា វិញក៏ជារលកក្រោយដ៏មានគុណភាពមួយរូបផងដែលរបស់កម្ពុជា ហើយបញ្ញាក៏ជាកីឡាករដែលជោគជ័យច្រើនក្នុងមួយពេលចុងក្រោយនេះផងដែរ។