ខ្សែការពាររបស់ក្រុមជម្រើសជាតិក្រូអាត ត្រឡប់មកចូលរួមជាមួយក្លិប Lyon វិញ បន្ទាប់ពីចាកចេញពីក្លឹបតាំងពីឆ្នាំ 2013

ខ្សែការពារសញ្ជាតិក្រូអាតកីឡាករ  Dejan  Lovren ត្រឡប់​មក​ចូលរួមជាមួយ​ក្លិប Olympique Lyonnais​ វិញ​ជាមួយនឹងកិច្ចសន្យារហូតដល់ឆ្នាំ 2025។  កីឡាករវ័យ ៣៣ឆ្នាំរូបនេះធ្លាប់លេងឱ្យ Lyon  ចន្លោះឆ្នាំ 2010 និង 2013 មុនពេលផ្លាស់ទៅ Southampton នៅរដូវក្តៅឆ្នាំ 2013  បន្ទាប់មកចូលរួមជាមួយក្លិប Liverpool ក្នុង 2014 និងចុងក្រោយចូលរួមជាមួយក្លិប  Zenit St Petersburg ក្នុងឆ្នាំ2020។



ខ្សែការពារសញ្ជាតិក្រូអាតកីឡាករ Dejan Lovren បាននិយាយថា ៖ “ខ្ញុំសប្បាយចិត្តណាស់ដែលបានត្រលប់មក Olympique Lyonnais ដែលជាក្លឹបធ្វើឲ្យខ្ញុំអភិវឌ្ឍន៏ខ្លួន រហូតដល់ជាប់ជម្រើសជាតិ។ ខ្ញុំនឹងមិនភ្លេចរឿងនោះទេ។ ខ្ញុំមានអនុស្សាវរីយ៍ជាច្រើននៅទីនេះ ក៏មានទំនាក់ទំនងជាច្រើនផងដែរ។ ជាពិសេសចំពោះប្រធានក្លិប  Jean Michel Aulas  ដែលតែងតែគាំទ្រខ្ញុំ” ។


គាត់បានបន្ថែមទៀតថា ៖ “ខ្ញុំបានចាកចេញពី Lyon ក្នុងឆ្នាំ 2013 ដោយសោកស្ដាយ។ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​បាន​បង្ហាញ​អ្វី​គ្រប់​យ៉ាង​ដែល​ល្អ​ដើម្បី​ជួយ​ក្រុម​ឲ្យ​បាន​ពេញ​លេញ។ខ្ញុំ​ចង់​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​ថាខ្ញុំ​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់"។



សម្រាប់  Lovren  បានបង្ហាញខ្លួនឲ្យក្លិប Lyon ចន្លោះឆ្នាំ 2010 និង 2013  បាន102ប្រកួត  ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងឈ្នះពាន French Cup ក្នុងឆ្នាំ 2012។