ការប្រកួតរបស់ក្រុម Barcelona ទល់នឹងក្រុម Almería នៅថ្ងៃអាទិត្យចុងសប្ដាហ៌នេះ ជាការប្រកួតចុងក្រោយរបស់ Piqué

អតីតកំពូលខ្សែការពារកណ្ដាលអេស្ប៉ាញវ័យ 35 ឆ្នាំកីឡាករ Gerard Piqué បានសម្រេចប្រកាសចូលនិវត្តន៌ពីពិភពបាល់ទាត់ហើយ ខណៈដែលការប្រកួតរបស់ក្រុម  Barcelona ទល់នឹងក្រុម Almería នៅថ្ងៃអាទិត្យចុងសប្ដាហ៌នេះ ជាការប្រកួតចុងក្រោយរបស់គេក្នុងនាមជាកីឡាករអាជីព។

Piqué បង្ហាញខ្លួនបាន 615 ប្រកួតឱ្យក្រុមអ្នកមានបុណ្យ ដោយស៊ុតបញ្ចូលទីបាន 53 គ្រាប់ និងបញ្ជូន 15 ដង ហើយបានឈ្នះពានរង្វាន់ La Liga ចំនួន 8 ដង និងពានរង្វាន់ UCL ចំនួន 3 ជាមួយក្លឹប ក្នុងចំណោមពានរង្វាន់ផ្សេងៗជាច្រើនទៀត។ ខណៈដែលនៅក្រុមជម្រើសជាតិអេស៉្បាញរូបគេបង្ហាញខ្លួនបាន 102 ប្រកួត ហើយឈ្នះពានរង្វាន់ World Cup ឆ្នាំ 2010 និងជើងឯកអឺរ៉ុបឆ្នាំ 2012 ។

ក្នុងរដូវកាលនេះ Piqué​ មានទម្រង់លេងធ្លាក់ចុះជាខ្លាំង ហើយគេត្រូវបានអ្នកគាំទ្ររិះគន់ជារឿយៗ។ មកទល់ពេលនេះ រូបគេបានបង្ហាញខ្លួនត្រឹមតែ 9 ដងប៉ុណ្ណោះគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។ ក្រៅពីបញ្ហានៅក្នុងទីលានកីឡាករអេស៉្បាញរូបនេះ ក៏កំពុងតែជួបនឹងបញ្ហាក្រៅទីលានជាច្រើនដែល ជាពិសេសការបែកគ្នាជាមួយមិត្តស្រីរបស់គេគឺអ្នកនាង Shakira ។