Girona ឆ្លើយតបយ៉ាងខ្លីទៅកាន់ Barcelona ជុំវិញការចង់បានកីឡាករ Aleix Garcia…

ក្លឹបបាល់ទាត់ Girona បច្ចុប្បន្នអាចនិយាយបានថាជាក្លឹបកំពូលមួយក្នុងប្រទេសអេស្ប៉ាញដែលកំពុងតែប្រជែងចំណាប់ថ្នាក់កំពូលតារាងជាមួយក្លឹបបាល់ទាត់អធិរាជសរ Real Madrid ពោល Real Madrid ឈរនៅចំណាប់ថ្នាក់លេខ១ខណៈ Girona ឈរនៅចំណាប់ថ្នាក់លេខរៀងទី២។

យ៉ាងណាមិញជុំវិញភាពល្អប្រសើររបស់ក្លឹបបាល់ទាត់ Girona បានធ្វើអោយកីឡាករមួយចំនួនកើនថ្លៃពលកម្មជាខ្លាំង ហើយកីឡាករខ្លះទៀតក៏កំពុងស្ថិតក្រោមការចង់បានរបស់ក្លឹបយក្សមួយចំនួននាបណ្ដាលលីគកំពូលដទៃថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយក្នុងរឿងនេះកីឡាករ Aleix Garcia បច្ចុប្បន្នកំពុងស្ថិតក្រោមការចង់បានរបស់ក្លឹបយក្ស FC Barcelona ផងដែរ ក៏ប៉ុន្តែក្លឹបដែលគ្រប់គ្រង់ដោយ City Football Group ហាក់មិនចាប់អារម្មណ៍ជាមួយសំណើររបស់ក្លឹបអ្នកមានបុណ្យឡើយ។
 
ផ្ទុយទៅវិញប្រធានក្លឹប Girona លោក Pere Guardiola បានបញ្ជាក់ថាគាត់នឹងមិនអនុញ្ញាតអោយកីឡាករ Aleix Garcia ចាកចេញក្នុងពេលឆាប់ៗនេះទេ ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Barcelona ក៏ដោយ។

គួរបន្ថែមផងដែលថាលោក Guardiola  បានបញ្ជាក់លម្អិតប្រាប់ទៅកាន់ Relevo ថា “ ពួកយើងមិនចង់អោយគាត់ចាកចេញទេ។ ក្លឹប Barcelona មិនដែលមកសាកសួរពួកយើងផ្ទាល់នោះទេ។ យើង​មិន​បាន​ទទួល​សំណើដោយផ្ទាល់​ណា​មួយពី Barcelona នោះ​ទេ ហេតុនេះ​ផែនការ​របស់​យើង​គឺ​បន្ត​ជាមួយ​នឹង​ក្រុម​ដដែល ”៕