ក្រោយខកខានប៉ះគ្នាក្បែរមួយទសវត្សកីឡាកររបស់កម្ពុជាសល់តែពីររូបប៉ុណ្ណោះដែលត្រូវ...

ជាការពិតក្រុមជម្រើសជាតិកម្ពុជាខកខានប៉ះគ្នាអស់រយៈពេលប្រាំបីឆ្នាំមកហើយ ដោយប្រកួតចុងគឺជាការប៉ះគ្នាលក្ខណៈមិត្តភាពដែលធ្វើឡើងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីឆ្នាំ២០១៦។

យ៉ាងណាមិញរំលងអស់រយៈពេលក្បែរមួយទសវត្សក្រុមជម្រើសជាតិកម្ពុជាមានរឿងដ៏គួរចាប់អារណ៍មួយ ដោយក្នុងចំណោមកីឡាករទាំងអស់ដែលត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិកាលពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ ២០២៤នេះមានតែកីឡាករពីររូបប៉ុណ្ណោះដែលមានឈ្មោះក្នុងក្រុមជម្រើសជាតិត្រៀមប៉ះស្រីលង្កាជាថ្មី ពោលកីឡាករពីររូបនោះគឺកីឡាករសឿយ វិសាល និងធារី ចន្ថាប៊ីន។

ទោះបីជាយ៉ាងណាក៏ដោយសម្រាប់កីឡាករទាំងពីររូបដែលបន្តមានឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជាត្រៀមប៉ះក្រុមជម្រើសជាតិស្រីលង្កាជាថ្មីនេះ បច្ចុប្បន្នគឺជាសមាជិករបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងទាំងពីរតែម្ដង ក៏ប៉ុន្តែក្នុងអំឡុងឆ្នាំ២០១៦ ធារី ចន្ថាប៊ីន គឺជាកីឡាកររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនមុនផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Krabi របស់ប្រថៃក្នុងឆ្នាំ២០១៧។

គួរបន្ថែមផងដែលថាកីឡាករទាំងអស់ដែលត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៦ គិតមកដល់ពេលនេះមានមួយចំនួនធំសម្រេចលាឆ្ងាយពីអាជីពជាកីឡាករ ដោយឡែកមួយចំនួនទៀតនៅតែបន្តអាជីពជាកីឡាករប៉ុន្តែពុំត្រូវបានកោះហៅមកចូលរួមក្រុមជម្រើសជាតិកម្ពុជាប៉ះក្រុមជម្រើសជាតិស្រីលង្កាជាថ្មីក្នុងឆ្នាំ២០២៤នេះនោះទេ៕