សោកស្ដាយ!! កម្ពុជាមិនអាចបំបែកកំណត់ត្រាមួយនេះបាន ជាមួយក្រុមជម្រើសជាតិហុងកុង

ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់លោក Koji Kyotoku បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិហុងកុង​ ដោយលទ្ធផល ៣-០​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ កាលពីយប់នៅថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ​២០២៤នេះ នៅ​កីឡដ្ឋាន​ Hong Kong Stadium ដោយការចាញ់នេះគឺ កម្ពុជា បន្តរក្សាកំណត់ត្រាមិនស្គាល់ពាក្យថាឈ្នះទាល់តែសោះជាមួយ ហុងកុង គិតចាប់ពីឆ្នាំ ១៩៥៧ ។

ពិតណាស់ក្នុងការប្រកួតយប់មិញនេះ ក្រុមភ្ញៀវកម្ពុជា​ មាន​ឱកាស​ជាច្រើន​លើក​ច្រើន​សារ​ ប៉ុន្តែ​មិន​មាន​សំណាង​ក្នុង​ការ​បំប៉ោង​សំណាញ់​ទី​របស់​ម្ចាស់​ផ្ទះ​ ហុងកុង​ ឡើយ​ ស្រប​ពេល​ដែល​ ហុងកុង​ រក​បាន​គ្រាប់​បាល់​រហូត​ដល់​៣គ្រាប់​ ។​ គ្រាប់​បាល់​ទាំង ​៣គ្រាប់​របស់​ហុងកុង​ រកបាន​នៅ​តង់ទី​១​ ចំនួន​ ២គ្រាប់​ និង​តង់​ទី​២​ ចំនួន​ ១គ្រាប់​​ ។

សរុបមក​ តាមរយ:ការជួបគ្នា ១០លើកចុង​ក្រោយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅតែមិនអាចយកឈ្នះហុងកុងបាន ពោលគឺ កម្ពុជា ចាញ់ ៨លើក និងស្មើ ២លើក ខណៈការជួបគ្នានោះ កម្ពុជា ស៊ុតចូល ៧គ្រាប់ និងរបូតគ្រាប់បាល់វិញចំនួន ២៧គ្រាប់។

គួរបញ្ជាក់ថា ការប្រកួតមិត្តភាពអំឡុងថ្ងៃ FIFA day នេះ គឺជាត្រៀមខ្លួនសម្រាប់ពានរង្វាន់ 2024 ASEAN Championship (AFF Mitsubishi Electric Cup) ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ប្រ៊ុយណេ/ទីម័រខាងកើត៕