ការលើកឡើងរបស់លោក Keisuke Honda ជុំវិញការប្រកួតដែលជប៉ុនយកឈ្នះអាល្លឺម៉ង់……

លោក  Keisuke Honda  អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានបាននិយាយថា៖ នេះជាជ័យជម្នះដ៏ធំមួយសម្រាប់ក្រុមជម្រើសជាតិជប៉ុន ប៉ុន្តែជប៉ុនត្រូវការឈ្នះមួយប្រកួតទៀត។ ប្រសិនបើយកឈ្នះមួយប្រកួតទៀត ជប៉ុនប្រាកដជាឡើងទៅវគ្គបន្ត លោកនិយាយបែបនេះនៅក្នុងកម្មវិធីអត្ថាធិប្បាយរបស់ទូរទស្សន៍  Abema TV (ប្រទេសជប៉ុន) បន្ទាប់ពីក្រុមជប៉ុនបានយកឈ្នះអាល្លឺម៉ង់ក្នុងលទ្ធផល 2 ទល់នឹង 1 ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 កាលពីយប់មិញនេះ។



សម្រាប់ក្រុមជម្រើសជាតិជប៉ុនត្រូវក្រុមជម្រើសជាតិអាល្លឺម៉ង់នាំមុខ 1-0 ដោយសារគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Gundogan។  ប៉ុន្តែចូលដល់តង់ទីពីរ កីឡាករ  Ritsu Doan និង  Asano Takuma បានស៊ុតបញ្ចូលទីម្នាក់ ១គ្រាប់ ជួយឲ្យជប៉ុនឈ្នះអាល្លឺម៉ង់ ផ្អើលអស់ពិភពបាល់ទាត់។



ក្រោយចប់ការប្រកួតលោក  Keisuke Honda បានបង្ហាញអារម្មណ៏រីករាយយ៉ាងដូច្នេះថា៖ «នេះពិតជាអស្ចារ្យណាស់។  កីឡាករជប៉ុនធ្វើបានល្អណាស់។  តាមទស្សនៈរបស់ខ្ញុំ ការទទួលជ័យជម្នះនេះគឺជាការបោះជំហានទៅមុខមួយក្នុងប្រវត្តិសាស្ត្រ។  លទ្ធផលគឺហួសពីការស្មានរបស់ខ្ញុំ»។

អតីតកីឡាករជម្រើសជប៉ុនរូបនេះបាននិយាយបន្ថែមទៀតថា កីឡាករទាំងអស់ចាំបាច់ត្រូវផ្តោតលើការប្រកួតបន្ទាប់៖  «កីឡាករត្រូវស្ងប់ស្ងាត់។ ខ្ញុំមិនចង់ឱ្យកីឡាករជប៉ុនចូលលេងការប្រកួតបន្ទាប់ដោយមានការរំភើបខ្លាំងពេកនោះទេ។  យើងបានទទួលជ័យជម្នះដោយសារភាពក្លាហានរបស់យើង ប៉ុន្តែក្រុមជម្រើសជាតិជប៉ុននៅមានរឿងជាច្រើនទៀតដែលត្រូវឆ្លងកាត់»។