មកដឹងកីឡាករកម្ពុជា៥រូបដែលរកគ្រាប់បាល់បានច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី២៣នៃ…

បើអេតមីនរំលឹកឈ្មោះកីឡាករម្នាក់ដែលឈ្នះស្បែកជើងមាសក្នុងអំឡុងឆ្នាំ២០១៥ បងប្អូនអ្នកស្នេហាវិស័យកីឡាករបាល់ទាត់ជាតិប្រាកដជានឹកដល់ CV11 ជាក់ជាមិនខាន គ្រានោះក្នុងក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៥ កីឡាករជួរមុខកម្ពុជាចាន់ វឌ្ឍនាកា រកគ្រាប់បាល់បានរហូតដល់ទៅ៣៥គ្រាប់ឯណោះ វាហាក់ខុសឆ្ងាយពីហាក់ខុសឆ្ងាយពីបច្ចុប្បន្ន ដោយក្នុងក្របខណ្ឌ Cambodia Premier League រដូវកាល២០២៣-២០២៤គិតត្រឹមសប្ដាហ៍ទី២៣នេះកីឡាករចាន់ វឌ្ឍនាកា រកគ្រាប់មិនបាន១០គ្រាប់ផង។

យ៉ាងណាមិញមកលើកនេះអេតមីននិងបង្ហាញកីឡាករកម្ពុជា៥រូបដែលមានគ្រាប់បាល់ច្រើនជាងគេជាបណ្ដោះអាសន្នមកជម្រាបជូនបងប្អូន ដោយកីឡាករទាំង៥រូបនោះមានដូចជា៖
ទី៥ កីឡាកររបស់ក្លឹបបាល់ទាត់បឹងកេត ចាន់ វឌ្ឍនាកា មានគ្រាប់បាល់៦គ្រាប់គិតត្រឹមសប្ដាហ៍ទី២៣។
ទី៤ កីឡាករវ័យក្មេងរបស់ក្លឹបយក្សភ្នំពេញក្រោន លឹម ពិសុទ្ធ រកបាន៩គ្រាប់។
ទី៣ កីឡាករម៉ាត់ នរុន របស់ក្លឹបបាល់ទាត់បឹងកេត រកបាន១០គ្រាប់។
ទី២ កីឡាកររបស់ក្លឹបបាល់ទាត់ព្រៃវែងអេហ្វស៊ី ផាន់ សុផេន រកបាន១១គ្រាប់។

និងទី១ កីឡាកររបស់ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ញ៉ាន សុស៊ីដាន់ រកបាន១២គ្រាប់ក្លាយជាកីឡាករកម្ពុជាដែលមានគ្រាប់បាល់ច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី២៣នៃលីគកំពូលកម្ពុជារដូវកាលនេះ។

គួរបន្ថែមផងដែលថាគិតត្រឹមសប្ដាហ៍ទី២៣នេះកីឡាករបរទេសដែលមានគ្រាប់បាល់ច្រើនជាងគេគឺកីឡាករសញ្ជាតិកាណាដា Marcus Warren Haber របស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងមាន២៦គ្រាប់ក្នុងដៃ៕