ក្លឹបបាល់ទាត់ Tiffy Army និងគីរីវង់សុខសែនជ័យកំពុងញាប់ដៃញាប់ជើងក្នុងការ...

ក្រៅពីក្លឹបបាល់ទាត់ធំៗមួយចំនួនរបស់កម្ពុជាបាននាំចូលសមាសភាពកីឡាករចំណូលថ្មី ក្លឹបបាល់ទាត់គីរីវង់សុខសែនជ័យ ព្រមទាំងក្លឹបបាល់ទាត់ Tiffy Army Fc កំពុងព្យាយាមឥតស្រាក់ស្រានក្នុងការចរចានាំយកសមាជិកថ្មីបន្ថែម មកពង្រឹងក្រុមដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនៃលីគកំពូលកម្ពុជា។

យ៉ាងណាមិញក្លឹបបាល់ទាត់ Tiffy Army Fc ត្រូវសារពត៌មានធំៗមួយចំនួនបង្ហើបអោយដឹងថា ក្លឹបម្ចាស់ដីកងយោធពលខេមរភូមិន្ទស្តាតចាស់ កំពុងញាប់ដៃញាប់ជើងក្នុងការនាំយកខ្សែការពារសញ្ជាតិថៃ  Sarayut Sompim ដែលជាអតីតកីឡាកររបស់ក្លឹបយក្ស  Burriram United និង Samut Prakan City ហើយខ្សែការពារវ័យ២៦ឆ្នាំរូបនេះក៏ជាអតីតកីឡាកររបស់ជម្រើសជាតិថៃU២៣ថែមទៀតផង។

ដោយឡែកក្លឹបដែលមានមូលដ្ឋានគ្រឹះក្នុងខេត្តតាកែវគីរីវង់សុខសែនជ័យវិញក៏ត្រូវបានសារពត៌មានរបស់ថៃចុះផ្សាយផងដែលថា ពួកគេកំពុងចរចាក្នុងការនាំយកកូតាកីឡាករបរទេសសញ្ជាតិប្រេស៊ីលវ័យ៣១ឆ្នាំ គឺកីឡាករ Rafael de Sá Rodrigues ពីក្លឹបបាល់ទាត់ Master7 FC នៅ​លីគកំពូលរបស់ប្រទេសឡាវផងដែរ។

គួរបន្ថែមផងដែលថាប្រសិនប្រក្លឹបទាំងពីរខាងលើអាចសម្រេចការនាំចូលសមាជិកថ្មីទាំងពីររូបនេះបានពិតមែន នោះការប្រកួតក្នុងក្របខណ្ឌលីគកំពូលកម្ពុជាកាន់តែមានការប្រកួតប្រជែងរឹតតែខ្លាំងទ្វេដង់ ព្រោះក្លឹបនីមួយៗសុទ្ធសឹងតែជាក្លឹបដែលមានធន់កីឡាករល្អៗដូចគ្នា៕