ប្ដូរឈ្មោះពីសត្រូវលើសង្វៀនក្លាយជាគ្រូបង្ហាត់ព្រំ សំណាង ត្រៀមជួប ដាវ លីឌុច…

ស្របពេលវិស័យកីឡាប្រដាល់បច្ចុប្បន្នកំពុងរីកចម្រើនខ្លាំង ពេលនេះកីឡាករជួរមុខរបស់កម្ពុជា ព្រំ សំណាង ត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំជាមួយស្ដេចប្រដាល់ភូមា Dave Leduc នៅថ្ងៃទី05 ខែវិច្ឆិកា ២០២៣ ខាងមុខ។

យ៉ាងណាមិញដើម្បីជាកិច្ចត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំសម្បើមនេះកីឡាករដែលមានរហ័សនាមថាជាងកាត់សក់កន្រ្តៃមាស ព្រំ សំណាង មានគ្រូបង្ហាត់ផ្ទាល់រហូតដល់ទៅ១០នាក់ឯណោះ ហើយក្នុងនោះសុតសឹងតែជាអតីតអ្នកប្រដាល់ជើងចាស់ដែលមានកេរ៍ឈ្មោះបោះសំឡេងទាំងអស់តែម្ដង។

ទោះបីជាយ៉ាងណាក៏ដោយក្នុងចំណោមគ្រូបង្វឹកទាំង១០នាក់មានម្នាក់ធ្លាប់ផ្នួលពូណាងអោយសន្លប់ ហើយបុរសម្នាក់នោះទៀតសោតទទួលបានការគាំទ្រជាខ្លាំងក្នុងអំឡុងពេលជាង១០ឆ្នាំមុន ពោលគឺលោកគ្រូ វ៉ន វីវ៉ា ជាកីឡាករខ្មែរតែម្នាក់កត់ដែលធ្លាប់វាយកីឡាករព្រំ សំណាង រហូតបោះបង់ការប្រកួត។

គួរបន្ថែមផងដែលថាក្នុងជំនួបរវាងកីឡាករព្រំ សំណាងតទល់ជាមួយស្ដេចប្រដាល់ភូមា ដាវ លីឌុច នាពេលខាងមុខនឹងក្លាយជាការប្រកួតដ៏ធំជាងគេមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា៕