U20 កម្ពុជាឈរកំពូលតារាងបណ្ដោះអាសន្នក្រោយយកឈ្នះ U20 នេប៉ាល់ ៤ទល់នឹង១

ក្រុមគោជំទង់កម្ពុជាធ្វើបានល្អជាខ្លាំងនៅក្នុងការប្រកួតបើកឆាកក្នុងពូល B នៃពានរង្វាន់ AFC U20 Asian Cup China PR 2025™ ដោយបានយកឈ្នះទៅលើក្រុមជម្រើសជាតិ U20 នេប៉ាល់៤ទល់១។

ការប្រកួតហាក់ដូចជាពុំសូវមានការលំបាកសម្រាប់ក្រុម U20កម្ពុជាទេ ដោយចាប់ផ្ដើមការប្រកួតបាន ៣នាទីក្នុងវគ្គទី១ ក្រុមគោជំទង់កម្ពុជា បានបើកការនាំមុខមុនមួយគ្រាប់ដោយ កីឡាករ ផាន វិរៈ យុវជនរបស់ក្លឹបបាល់ទាត់វិសាខា មិនបានប៉ុន្មាននាទីផងកីឡាករ​ ភឿក ថាតថៃ ដែលជាសមាជិកក្លិបបាល់ទាត់វិសាខាដូចគ្នា បានបន្ថែមគ្រាប់បាននាំមុខមួយគ្រាប់ទៀតនៅនាទីទី៦ ។ លទ្ធផលនាំមុខ ២ទល់នឹង០នេះ បានបន្តរហូតដល់នាទីទី៤៥+២ ទើប ក្រុមជម្រើសជាតិ U20នេប៉ាល់អាចរកគ្រាប់បាល់បានមួយគ្រាប់មកវិញដោយកីឡាករ Samir Tamang ។

យ៉ាងណាមិញសម្រាប់ការប្រកួតនៅវគ្គទី២ លោកគ្រូ KOJI ក៏បានផ្លាស់ប្ដូរកីឡាករមួយចំនួនចូល ហើយបានព្យាយាមប្រើប្រាស់ទម្រង់ការពារហើយវាយបក នឹងរកគ្រាប់បាល់បាន ២គ្រាប់បន្ថែមទៀតដោយកីឡាករ មាន ចាន់រិទ្ធ នឹងអ៊ីវ សុវណ្ណរ៉ា នៅនាទីទី៦១ នឹង៨២ បានជួយអោយកម្ពុជា យកឈ្នះក្រុមជម្រើសជាតិនេប៉ាល់ ក្នុងលទ្ធផល ៤ទល់នឹង១ មាន ៣ពិន្ទុ នឹងចំណេញគ្រាប់បាល់ ចំនួន៣គ្រាប់ ស្ថិតនៅកំពូលតារាងពូលB បណ្ដោះអាសន្ន។ ខណៈក្រុមជម្រើសជាតិបារ៉ែនដែលស្ថិតនៅពូលB ជាមួយគ្នានេះក៏ទទួលបាន ៣ពិន្ទុដូចគ្នាដោយបានយកឈ្នះទៅលើម្ចាស់ផ្ទះ ឆាយនីសតាយបិ ១ទល់នឹង០ ។

ដោយឡែកការប្រកួតបន្ទាប់របស់គោជំទង់កម្ពុជានៅថ្ងៃទី២៣ ខែកញ្ញា មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយដោយយើងត្រូវជួបតទល់ជាមួយក្រុមការពារតំណែងជើងឯក គឺក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន អាយុក្រោម ២០ឆ្នាំ ដែលជាក្រុមគ្រោះថ្នាក់ជាងគេនៅក្នុងពូល Bនេះ ។ 

គួរបញ្ជាក់ផងដែរថាការប្រកួត​ជម្រុះ​ក្នុង​ពូល ពាន​រង្វាន់ AFC U20 Asian Cup នេះ​ គឺ​មាន​​១០​ពូល ដែល​ក្រុម​លេខ​១​ក្នុង​ពូល​ចំនួន​១០ និង​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ពូល​ចំនួន​៥​ សរុប ១៥​ក្រុម​ឡើង​ទៅ​ជុំ​ចុង​ក្រោយ បូក​រួម​ទាំង​ម្ចាស់​ផ្ទះ​ចិនសរុប​ ​១៦​ក្រុម ។