ម្ចាស់មេដាយមាសនិងប្រាក់ព្រឹត្តិការណ៍កីឡាអូឡាំពិកពីររូបនឹងត្រូវប៉ះគ្នាជាមួយកីឡាករ...

ការប្រកួតពានរង្វាន់បាល់ទះដ៏ធំប្រចាំទ្វីបអាស៊ី Asian Men’s Club Volleyball Championship 2024 កាន់តែខិតជិតចូលមកដល់ ពោលការប្រកួតប្រជែងដ៏ធំមួយនេះគ្រោងនិងចាប់ផ្ដើមចន្លោះពីថ្ងៃទី៨ដល់ថ្ងៃទី១៥ខែកញ្ញាខាងមុខនេះនាទីក្រុង Yazd ប្រទេសអ៊ីរ៉ង់។

យ៉ាងណាមិញសម្រាប់ការប្រកួតប្រជែងមួយនេះ​​​​​​​​កីឡាករកម្ពុជាវឿន វាសនា ក៏ត្រូវដឹកដៃក្លឹបអាណាព្យាបាលរបស់ខ្លួនប្រកួតតទល់ជាមួយកីឡាករម្ចាស់មេដាយមាសនិងមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាប្រទេសបារាំងដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះផងដែរ។

យ៉ាងណាក្ដីកីឡាករកំពូលទាំងពីររូបនោះគឺ Earvin N’Gapeth ដែលជាកីឡាកររបស់ក្រុមជម្រើសជាតិបារាំងម្ចាស់មេដាយមាសនិងមួយរូបទៀតកីឡាករសញ្ជាតិប៉ូឡូញ  Bartosz Kurek ដែលជាម្ចាស់មេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២៤នេះដូចគ្នា។

គួរបន្ថែមផងដែលថាបានជាកីឡាករកំពូលទាំងពីររូបខាងលើនេះលេចវត្តមានក្នុងការប្រកួតដណ្ដើមជើងឯកអាស៊ី Asian Men’s Club Volleyball Championship 2024 ក៏ព្រោះតែក្លឹបយក្សរបស់ឥណ្ឌូនេស៊ី  Jakarta Bhayangkara Presisi សម្រេចលើការនាំយកកំពូលកីឡាករទាំងពីរមករួមក្រុមសម្រាប់ការប្រកួតនាពេលខាងមុខ ខណៈក្លឹបយក្សរបស់ឥណ្ឌូនេស៊ីមួយនេះទៀតសោតគឺស្ថិតនៅក្នុងពូលជាមួយ Win Streak Taiwan  តែម្ដង ហេតុនេះប្រាកដណាស់កីឡាករវឿន វាសនា នឹងត្រូវប្រឈមមុខតតាំងគ្នាជាមួយម្ចាស់ MVP ច្រើនជាងគេក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Earvin និង Bartosz Kurek យ៉ាងពិតប្រាកដ៕