មុនប៉ះកម្ពុជាស្រីលង្កាបានផ្ដល់សញ្ញាតិអោយកីឡាករបរទេសមួយរូបដែលជាអតីត...

ដូចដែលបងប្អូនបានជ្រាបក្រុមជម្រើសជាតិកម្ពុជានិងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិស្រីលង្កាក្នុងវគ្គជម្រុះនៃពានរង្វាន់ AFC Asian Cup Saudi Arabia ២០២៧ ដោយការប្រកួតតម្រូវធ្វើឡើងក្រៅដីនឹងក្នុងដី ខណៈការប្រកួតក្រៅដីរបស់កម្ពុជាធ្វើឡើងនៅថ្ងៃទី៥ខែកញ្ញានាកីឡដ្ឋាន Sugathadasa ទឹកដីស្រីលង្កា ហើយជើងទី២គឺត្រូវធ្វើឡើងក្នុងពហុកីឡដា្ឋនជាតិនៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤នេះ។

យ៉ាងណាមិញមុនការប្រកួតចូលមកដល់សហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា (FFSL) បានសម្រេចផ្ដល់សញ្ជាតិជូនកីឡាករវ័យ២២ឆ្នាំដែលមានសញ្ជាតិដើមជាជនជាតិអង់គ្លេសដែលមានឈ្មោះថា Samuel Joseph David Durrant ដែលលេងក្នុងតួនាទីជាខ្សែការពារ។

យ៉ាងណាក្ដីសម្រាប់កីឡាករវ័យក្មេងដែលស្រីលង្កាផ្ដល់សញ្ជាតិរូបនេះ គេគឺជាអតីតយុវជនរបស់ក្លឹបបាល់ទាត់ស្ករគ្រាប់ Everton, Liverpool, និង Blackburn Rover ផងដែរ ហើយកាលពីឆ្នាំ២០២២រូបគេបានផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Sheffield Wednesday  នៃលីគលំដាប់ទី២របស់អង់គ្លេស រហូតដល់ឆ្នាំ២០២៣រូបគេក៏ផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Dundalk FC នៃលីគកំពូលរបស់ប្រទេសអៀរឡង់រហូតមកដល់បច្ចុប្បន្នផងដែរ។

មិនត្រឹមតែមួយរូបនោះទេសហព័ន្ធកីឡាបាល់ទាត់ស្រីលង្កាក៏សម្រេចចិត្តកោះហៅកីឡាករខ្សែប្រយុទ្ធកូនកាត់វ័យ៣០ Wade Dekker មកជួយក្រុមផងដែរ ដោយខ្សែប្រយុទ្ធរូបនេះគេបានកើតក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលីដែលមានឪពុកជាជនជាតិហូឡង់និងម្ដាយជាជនជាតិស្រីលង្កា។

គួរបន្ថែមផងដែលថាប្រវត្តិប៉ះគ្នាកន្លងមកក្រុមជម្រើសជាតិកម្ពុជាធ្លាប់បានយកឈ្នះទៅលើក្រុមជម្រើសជាតិស្រីលង្កាយ៉ាងចាស់ដៃដោយលទ្ធផល៦ទល់និង១កាលពីឆ្នាំ១៩៧២ ក្នុងពានរង្វាន់ Merdeka Tournament ហើយក្រោយមកក្នុងការប្រកួតមិត្តភាពឆ្នាំ២០០១កម្ពុជាបានរងបរាជ័យក្រោមថ្វីជើងស្រីលង្កាដោយលទ្ធផល១ទល់និង០ រហូតដល់ឆ្នាំ២០១៦ ក្នុងការប្រកួតមិត្តភាពដដែរក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះវិញដោយលទ្ធផល៤ទល់និង០៕