Gundogan សុខចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីចូលរួមជាមួយ Barcelona

កីឡាករ Ilkay Gundogan ត្រូវបានរាយការណ៍ថា កំពុងចាប់អារម្មណ៍ការផ្ទេរទៅកាន់ Barcelona ជាខ្លាំង ដ្បិតបើដឹងថា ការផ្ទេរទៅទីនោះ នឹងតម្រូវឲ្យខ្លួនកាត់បន្ថយប្រាក់ឈ្នួលមួយផ្នែកធំក៏ដោយ។

បើតាមចុះផ្សាយរបស់កាសែត Mundo Deportivo ខ្សែបម្រើឆ្នើមសញ្ជាតិអាល្លឺម៉ង់ Gundogan នឹងសុខចិត្តកាត់ប្រាក់ឈ្នួលខ្លួនឯង ពោលទទួលទាបជាងមុនឆ្ងាយក៏ដោយ ឲ្យតែបានផ្ទេរទៅក្លឹបម្ចាស់ដី Camp Nou។ តាមដំណឹងលេចលឺមក ខាងក្លឹបអ្នកមានបុណ្យ Barcelona
ចង់ផ្តល់កុងត្រាថ្មី ៣ ឆ្នាំឲ្យកីឡាកររូបនេះ ខណៈខាង City ប្រុងបន្តថ្មីថែម ១ ឆ្នាំទៀតតែប៉ុណ្ណោះ។

ដោយសារចំណុចនេះ កីឡាករវ័យ ៣២ ឆ្នាំមើលឃើញថា ភាពនឹងធឹងយូរអង្វែងទៅមុខ គឺជារឿងល្អសម្រាប់អាជីពខ្លួន ពោលមិនមែនជាការក្តោបប្រាក់ដ៏ច្រើនសន្ធឹកនោះឡើយ។ មួយផ្សេងទៀត Gundogan គិតគូរចង់រកកន្លែងសមគួរឲ្យក្រុមគ្រួសារ ប្រពន្ធកូនរស់នៅបានជាប់លាប់ ជាជាងការប្តូរចេញឥតគោលដៅ។