* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែប្រយុទ្ធចាន់ វឌ្ឍានាកា នៅសល់ពេលវេលាច្រើនដើម្បីបំបែកកំណត់ត្រាមួយនេះ…
កីឡាករខ្សែប្រយុទ្ធដែលមានដើមកំណើតមកពីខេត្តកំពតកីឡាករចាន់ វឌ្ឍានាកា គឺកីឡាករឆ្នើមមួយរូបរបស់កម្ពុជា ហើយកីឡាករជំនាញជើងឆ្វេងរបស់ក្លឹបបាល់ទាត់បឹងកេតរូបនេះទៀតសោតក៏ជាធនធានកីឡាករគម្រូមួយរូបដោយតាំងពីរូបគេរះលើវិថីបាល់ទាត់មកទល់បច្ចុប្បន្ន CV11 ស្ទើរតែគ្មានរឿងអាស្រូវក្នុងបាល់ទាត់សូម្បីតែមួយ។
យ៉ាងណាមិញដោយសារតែមានបញ្ហារបួសញាំញី ជាហេតុធ្វើកីឡាករជម្រើសជាតិកម្ពុជារូបនេះពុំសូវមានឳកាសបង្ហាញខ្លួនឡើយទាំងក្នុងក្លឹបអាណាព្យាបាលនិងក្នុងក្រុមជម្រើសជាតិ។ ជាមួយគ្នានេះផងដែលដោយសាររបួសកាលពីពេលកន្លងទៅ CV11 ក៏ខកខានមិនទាន់បានបំបែបកំណត់ត្រាកីឡាករដែលស៊ុតបញ្ចូលអោយក្រុមជម្រើសជាតិច្រើនជាងគេរបស់លោកហុក សុចិត្រា ឡើយ ខណៈគ្រាប់បាល់ដែលកីឡាករចាន់ វឌ្ឍានាកា មានក្នុងដៃគឺ១៩គ្រាប់ ទាំងដែលលោកហុក សុចិត្រា មានត្រឹមតែ២០គ្រាប់ប៉ុនណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ CV11 គឺជាបេក្ខភាពឈានមុខដែលមានភាគរយខ្ពស់ក្នុងការបំបែកកំណត់ត្រាមួយនេះ ព្រោះបច្ចុប្បន្ន វឌ្ឍានាកា អាចវិលត្រឡប់ចូលទីលានវិញបានហើយ ហេតុនេះ២គ្រាប់ដើម្បីបំបែកកំណត់ត្រារបស់លោកហុក សុចិត្រា ទំនងមិនមែនជាបញ្ហាទេសម្រាប់ CV11។
គួរបន្ថែមផងដែលថាការត្រឡប់មកកាន់សមរភូមិប៉ៃតងរបស់ CV11 ឡើងវិញ ក៏បានរួមចំណែករកគ្រាប់បាល់មួយនៅនាទីទី៨៨នៃក្របខណ្ឌ Cambodia Premier League សប្ដាហ៍ទី១៧ ដែលបញ្ចបើ៩០នាទី ធ្វើអោយបឹងកេតយកឈ្នះទៅលើក្លឹបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល៤ទល់និង១ផងដែរ៕