* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានប្រាប់ឱ្យដឹងការទទួលសំបុត្រចូលទស្សនាការប្រកួតបាល់ទះ..
ក្រុមជម្រើសជាតិបាល់ទះកម្ពុជានឹងត្រូវប្រកួតទល់ជាមួយ ក្រុមជម្រើសជាតិបាល់ទះសិង្ហបុរី នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០៣ ខែឧសភា ខាងមុខនេះ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបឱ្យដឹង បែបនេះថា៖ « ចំពោះការដាក់ឱ្យបងប្អូនជនរួមជាតិ ចូលទស្សនាផ្ទាល់ក្នុងពេលប្រកួតបាល់ទះនោះ គឺមានចំនួន ៥០០០សំបុត្រ ហើយប្រហែលជាអាចនឹងថ្ងៃទី២៩ ឬទី៣០ ខាងមុខនេះ នឹងប្រកាសឱ្យបងប្អូនមកយកសំបុត្រដោយផ្ទាល់ នៅសហព័ន្ធកីឡាបាល់ទះកម្ពុជា ឬក៏តាមអនឡាញ។ យើងនឹងឱ្យក្រុមការងាររបស់យើងដាក់តុចាំទទួលបងប្អូនដែលមកយកសំបុត្រ»។
លោកបានបន្តថា៖ សម្រាប់ចិត្ត និងបេះដូងរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា គឺចង់ឱ្យមានការចូលរួមជួយគាំទ្របានច្រើនកុះករ សម្រាប់ការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្របែបនេះ។ ដូច្នេះក្រុមការងារបានព្យាយាមសម្រួលធ្វើយ៉ាងណាឱ្យអ្នកគាំទ្រ បានមកយកសំបុត្រ មានភាពងាយស្រួល។ ក្រៅពីការអនុញ្ញាតឱ្យចូលទស្សនាផ្ទាល់ សហព័ន្ធក៏កំពុងតែស្នើសុំឱ្យដាក់ LED នៅខាងក្រៅទីលានផងដែរ។ ពីព្រោះនៅពេលដែលប្រជាពលរដ្ឋ ដែលចង់ទស្សនាផ្ទាល់ពួកគាត់មិនមានកន្លែងអង្គុយទស្សនាក្នុងទីលាន ពួកគាត់ក៏អាចទស្សនានៅខាងក្រៅទីលានបាន។
ចំពោះសំបុត្រនេះដែរ អ្នកគាំទ្រអាចយកបានត្រឹម១សន្លឹកប៉ុណ្ណោះក្នុងម្នាក់ ហើយសំបុត្រមួយសន្លឹកអាចទស្សនាបានចំនួន៤ប្រកួត ព្រោះការប្រកួតជម្រុះក្នុងពូលAនេះ មាន៤ក្រុម គឺម្ចាស់ផ្ទះកម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី និងក្រុមសិង្ហបុរី៕