ខ្សែការពារជើងចាស់ Marcelo បានត្រលប់ទៅលេងឲ្យក្លឹបដំបូងក្នុងអាជីពបាល់ទាត់របស់គាត់ ម្តងទៀត ក្រោយបញ្ចាប់កុងត្រាជាមួយក្លិប Olympiakos

ខ្សែការពារប្រេស៊ីលជើងចាស់ Marcelo បាន​សម្រេច​ចិត្ត​វិល​ត្រឡប់ទៅ​លេង​បាល់ទាត់​នៅ​ស្រុក​កំណើតរបស់ខ្លួន​ជាមួយក្លិប Fluminense FC ដែល​ជា​ក្លិប​ដំបូង​គេ​ក្នុង​អាជីព​បាល់ទាត់​របស់​គាត់​ម្ដង​ទៀត ជាមួយនឹងកិច្ចសន្យារហូតដល់​ដំណាច់​ឆ្នាំ​២០២៤។



ខ្សែការពារវ័យ 34 ឆ្នាំរូបនេះ ទើបតែចាកចេញពីក្លឹប Real Madrid កាលពីចុងរដូវកាលមុន។ បន្ទាប់​មក​បាន​ទៅ​ចុះ​កុងត្រា​ជាមួយ​ក្រុម​ក្នុង​ប្រទេស​ក្រិកគឺក្លិប Olympiakos នៅពេលរដូវក្តៅកន្លងមក  ដោយគាត់លេងបាន 10 ប្រកួត និងស៊ុតបញ្ចូលទីបាន 3 គ្រាប់ផងដែរ។ ប៉ុន្តែបន្ទាប់ពីលេងបាន៥ខែជាមួយ Olympiakos ថ្មីៗ​នេះ លោក​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលដោយបាន​បញ្ចប់​អាជីព​នៅ​លីគ​អឺរ៉ុប ហើយជ្រើសរើស​ត្រឡប់​ទៅ​លេងឲ្យក្លិបដំបូងនៃអាជីពបាល់ទាត់របស់គាត់​ម្តងទៀត​គឺក្លិប Fluminense FC របស់ប្រេស៊ីល។



សម្រាប់ Marcelo គាត់បានចូលក្រុមយុវជនរបស់ Fluminense ក្នុងឆ្នាំ 2002 មុនពេលឡើងមកក្រុមឈុតធំក្នុងឆ្នាំ 2005 ដោយលេងបាន 30 ប្រកួត ស៊ុតបញ្ចូលទីបាន 6 គ្រាប់ ។ គាត់បានផ្លាស់ទៅកាន់ក្លិប  Real Madrid ហើយបានអភិវឌ្ឍទៅជាខ្សែការពារឆ្វេងដ៏ល្អបំផុតម្នាក់នៅក្នុងពិភពបាល់ទាត់។