កីឡាករ ទេព ហ្វីលីប បាននិយាយបែបនេះទាក់ទងនិងការប្រមូលផ្ដុំវឹកហាត់លើកទីមួយរបស់ក្រុមជម្រេីសជាតិកម្ពុជាត្រៀមសម្រាប់ព្រឹត្តិការណ៍ Sea Game…

ព្រឹត្តិការណ៍ Sea Game ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាន់តែខិតជិតមកដល់ ខណៈដែលក្រុមជម្រើសជាតិផ្នែកកីឡាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ កំពុងតែបោះជំរុំវឹកហាត់នាប្រទេសថៃយ៉ាងសកម្ម ក្រោមការដឹកនាំរបស់លោក Keisuke Honda។

យ៉ាងណាមិញកីឡាករដែលជាសមាជិកក្នុងបញ្ជីរាយនាមការប្រមូលផ្ដុំវឹកហាត់ដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ទេព ហ្វីលីប បានបង្ហាញការយល់ឃើញបែបនេះ ប្រាប់មកកាន់ក្រុមការងារយើងថា “ ការវឹកហាត់លើកនេះគឺខុសប្លែកពីសព្វមួយដង ដោយផ្ដោតខ្លាំងលើកំលាំងតែម្ដង លើសពីនោះទៅទៀតរាល់លំហាត់ទាំងអស់គឺត្រូវប្រើកំលាំងទ្វេដងទាមទារអោយកីឡាករមានភាពអំណត់ខ្ពស់នៅពេលប្រកួត ”។

ទោះបីជាយ៉ាងណាក៏ដោយកីឡាករដែលមកពីក្លិប Tiffy Army FC រូបនេះក៏បានបន្ថែមទៀតថា “ កីឡាករទាំងអស់ក្នុងបញ្ចីរាយនាមការប្រមូលផ្ដុំវឹកហាត់លើកទី១នេះ សុទ្ធសឹងតែមានសម្ថភាព និងមានឆន្ទៈខ្ពស់ក្នុងការលេងតំណាងអោយជាតិសម្រាប់ព្រឹត្តិការណ៍ Sea Game នាពេលខាងមុខនេះ ”។

គួរបន្ថែមផងដែលថាក្នុងបញ្ចីរាយនាមកីឡាករដែលប្រមូលផ្ដុំវឹកហាត់លើកដំបូងនេះសរុបចំនួន៣០រូប ក៏ប៉ុន្តែត្រូវជម្រុះចំនួន១០រូបចេញ យកត្រឹមតែ២០រូបប៉ុណ្ណោះសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ Sea Game៕