ក្លិប Liverpool ពាក់ឈុតក្រៅដីពណ៌សក្នុងរដូវកាលនេះ មិនដែលឈ្នះសូម្បីតែមួយប្រកួត


បណ្តាសានៅតែមាន ដោយបង្ហាញពីស្ថិតិរបស់ Liverpool ពាក់ឈុតក្រៅដីពណ៌ស  ក្នុងរដូវកាលនេះ  ហើយមិនដែលឈ្នះសូម្បីតែមួយប្រកួត។ រួមទាំងការប្រកួតចាញ់ក្នុងលទ្ធផល 1-0 ក្រោមថ្វីជើងក្រុម Bournemouth  ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីយប់មិញ ។



ក្លិប Liverpool ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​វិល​ទៅ​រក​ទម្រង់​លេង​ដ៏​កាច​សាហាវ​របស់​ពួក​គេ​វិញ​បន្ទាប់​ពី​បានយកឈ្នះក្រុម Man United  ​ក្នុង​លទ្ធផល 7-0  ដែលជាការប្រកួតដ៏ល្អរបស់ពួកគេនៅ​រដូវ​កាល​នេះ។ ទន្ទឹម​នឹង​នេះ ដោយ​បាន​យក​ឈ្នះក្រុម Cherries 9-0  នៅ​ដើម​រដូវ​កាល  ក្រុម​របស់ Jurgen Klopp ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដណ្តើម​បាន​បី​ពិន្ទុ​នៅ​កីឡដ្ឋាន Vitality Stadium ដែល​វា​មិន​ពិបាក​ទេ ប៉ុន្តែ​បែទៅ​ជា​ចាញ់​ក្នុង​លទ្ធផល 1-0 ទៅវិញ ។



ការបរាជ័យបែបនេះ និងស្ថិតិ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ត្រូវ​បាន​បង្ហាញ​ថា Liverpool មិន​ដែល​ឈ្នះ​ការ​ប្រកួត​ក្នុងពាក់អាវ​ពណ៌​ស​ក្នុង​រដូវ​កាល​នេះ​ទេ  រាប់ទាំងការប្រកួតចុងក្រោយនេះ ៥ប្រកួតបានលេងរួចហើយ ដោយហង្សក្រហមស្មើ ១ប្រកួត និងចាញ់ ៤ប្រកួត បូករួមទាំងស៊ុតបញ្ចូលទីបានតែ ៣ គ្រាប់ប៉ុណ្ណោះ ហើយ​បាន​របូតគ្រាប់បាល់ ៧​គ្រាប់ ។   ស្របពេលជាមួយគ្នានេះ ទម្រង់លេងក្រៅដីរបស់ Liverpool ក្នុង Premier League រដូវកាលនេះ មើលទៅហាក់បីជាមិនបានល្អទាល់តែសោះ  ព្រោះពួកគេបានយកឈ្នះតែ 3 ប្រកួតប៉ុណ្ណោះក្នុងចំណោម 13 ប្រកួតរបស់ពួកគេ ។