Marcus Rashford, Mason Mount និងអ្នកចាំទី Nick Pope បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ដោយសាររបួស

ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Marcus Rashford, ខ្សែបម្រើ Chelsea កីឡាករ Mason Mount និង​អ្នកចាំទី Newcastle កីឡាករ Nick Pope បាន​ដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​​ សម្រាប់​ការប្រកួត​ជម្រុះ Euro 2024 ខាងមុខនេះ​។ 



សម្រាប់ Marcus Rashford បានរងរបួស​​អំឡុង​ជ័យជំនះ​របស់ Manchester United លើ Fulham ក្នុងលទ្ធផល ៣-១ នៅវគ្គ ៨ក្រុម​ចុងក្រោយពានរង្វាន់ FA Cup កាលពី​ថ្ងៃអាទិត្យ​។ ខណៈដែលគាត់កំពុងតែមានទម្រង់លេងយ៉ាងល្អសម្រាប់ United ចាប់តាំងពីការប្រកួត World Cup ឆ្នាំ 2022។ ចំណែកឯ​អ្នកចាំទី Nick Pope ក៏បាន​រងរបួស​ផងដែរ​អំឡុង​ជ័យជំនះ​របស់ Newcastle នៅ​ទឹកដី Nottingham Forest កាលពី​ថ្ងៃ​សុក្រ​។ ​​



ជាមួយគ្នា​នោះដែរកីឡាករ Mason Mount នៅ​មិនទាន់​ជាសះស្បើយ ១០០ភាគរយ​នៅឡើយ​។ ​​អ្នកចាត់ការ​អង់គ្លេស​លោក Gareth Southgate ដំបូង​បាន​កោះហៅ Mason Mount ផងដែរ​ក្នុង​បញ្ជី ២៥នាក់ តែ​ក្រោយមក​អ្នកចាត់ការ Chelsea លោក Graham Potter បញ្ជាក់ថា ​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​មិនអាច​ចូលរួម​បានឡើយ  ដោយសារ​បញ្ហា​របួស​ដែល​អវត្តមាន​តាំងពី​ខែកុម្ភៈ​។ 



សម្រាប់ក្រុម​របស់លោក Gareth Southgate នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី​អ៊ីតាលី​នៅ​ថ្ងៃទី២៣ ខែមីនា​នេះ មុនពេល​ទទួលភ្ញៀវ​អ៊ុយ​ក្រែ​ន​នៅកីឡដ្ឋាន Wembley ថ្ងៃអាទិត្យ ទី២៦៕