Xavi បាននិយាយថា Man City សាកសមនឹងឈ្នះពានបីក្នុងរដូវកាលនេះ...

លោក Xavi Hernandez ដែលជាគ្រូបង្វឹក Barcelona បាននិយាយថាក្រុម Manchester City ជាក្រុមល្អបំផុតនៅក្នុងពិភពលោក ហើយសាកសមនឹងឈ្នះពានរង្វាន់បីក្នុងរដូវកាលនេះ។

 Man City បានកក់កៅអីសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយត្រូវប្រឈមមុខនឹងក្រុមម្ចាស់ជើងឯក Real Madrid នៅចុងខែនេះ។ បន្ទាប់មកពួកគេនឹងជួប Man United ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃទី៣ ខែមិថុនាខាងមុខនេះ។ 

 បច្ចុប្បន្នក្រុមរបស់លោក Pep Guardiola ឈរនៅកំពូលតារាង Premier League ដាច់មួយពិន្ទុពី Arsenal និងមានមួយប្រកួតក្នុងដៃបន្ថែមទៀត។ នៅពេលគេសួរក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ តើអាចទេសម្រាប់ Man City ក្នុងការឈ្នះពានបី ពេលនោះ Xavi បាននិយាយថា៖“បាទ វាអាចទៅរួច។ 

សម្រាប់ខ្ញុំ ខ្ញុំគិតថាពួកគេគឺជាក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោក។ ពួកគេមានគ្រូបង្វឹកល្អបំផុត ហើយសម្រាប់ពួកយើង បាល់ទាត់ដែលពួកគេលេង វាជាកញ្ចក់មួយដែលយើងគួរឆ្លុះមើល”។