ក្រុមជម្រើសជាតិហ្វីលីពីន បានកោះហៅកីឡាករវ័យក្មេងរបស់ Atletico Madrid សម្រាប់ការប្រកួតមិត្តភាពកំឡុងពេលថ្ងៃ FIFA Day ក្នុងខែមីនា


ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ Mundo Deportivo បានរាយការណ៍ថាខ្សែកាពារវ័យក្មេងមកពី Atletico Madrid  កីឡាករ Santi Rublico ទទួលបានការហៅពីក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន  សម្រាប់ការប្រកួតមិត្តភាពអន្ថរជាតិជាមួយក្រុមជម្រើសជាតិគុយវ៉ែត និងហ្សកដានី កំឡុងពេលថ្ងៃ FIFA Day ក្នុងខែមីនា។



សម្រាប់កីឡាករវ័យ 18 ឆ្នាំរូប នេះកំពុងលេងឲ្យក្រុម Atletico Madrid Juvenil A (Atletico Madrid U-19)  ដោយក្រុម​នេះ​បានចូលរួម​ប្រកួត​ក្នុង​លីគ​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​អេស្ប៉ាញផងដែរ។  កន្លង​មក Santi Rublico ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ចូល​រួម​ជាមួយក្លិប Rayo Vallecano ។ ឥឡូវនេះគាត់បានត្រលប់មកលេងជាមួយក្រុម Atletico Madrid Juvenil A ។  ហើយកីឡាកររូបនេះបានបង្ហើបថាការទៅចូលរួមជាមួយក្រុម  Atletico Madrid គឺជាក្តីសុបិន្តតែមួយរបស់គាត់។



Santiago Rublico មានឪពុកម្តាយជនជាតិហ្វីលីពីនទាំងពីរនាក់ ប៉ុន្តែបានរស់នៅក្នុងប្រទេសអេស្ប៉ាញតាំងពីកុមារភាព។ កីឡាករ​រូប​នេះ​ក៏​មិន​ដែល​ត្រូវ​បាន​គេ​ហៅឲ្យចូលក្រុមជម្រើសជាតិហ្វីលីពីន រួមទាំងកម្រិត​​យុវជនផងដែរ ​។ វាច្បាស់ណាស់ថាក្រុមហ្វីលីពីនកោតសរសើរយ៉ាងខ្លាំងចំពោះទេពកោសល្យរបស់កីឡាកររូបនេះ  ទើបបានសម្រេចចិត្តកោះហៅ។

ក្នុងរដូវកាល 2022/2023 កីឡាករ Santiago Rublico បានបង្ហាញខ្លួនចំនួន 10 ប្រកួតសម្រាប់ក្រុម Atletico Madrid U19 ដោយមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទី ឬ assistsទេ និងទទួលបានកាតលឿងចំនួន 2 ។