សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) បានបដិសេធនូវព័ត៌មានមួយដែលបានចុះផ្សាយថា Cristiano Ronaldo គំរាមចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ


សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់  (FPF)   បាន​បដិសេធ​នូវព័ត៌មានមួយ​ដែលបានចុះផ្សាយថា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​  Cristiano Ronaldo   ​គំរាម​ចាក​ចេញ​ពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ក្នុងប្រទេសកាតា  បន្ទាប់ពីក្លាយជាកីឡាករបម្រុងក្នុងការប្រកួតនៅវគ្គ  ១៦ចុងក្រោយ   ទល់នឹងក្រុមជម្រើសជាតិស្វីសកាលពីពេលកន្លង ។



ក្រោយចប់ការប្រកួតមានរបាយការណ៍មួយពី Record  ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏មានប្រជាប្រិយក្នុងប្រទេសព័រទុយហ្គាល់  បានរាយការណ៍ថា   Ronaldo  មានជម្លោះធ្ងន់ធ្ងរជាមួយលោក  Fernando Santos  ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិតាំងពីដើមមក។  គាត់​បាន​បង្ហាញ​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ត្រូវ​បាន​ប្តូរ​ចេញ​ក្នុង​ការ​ប្រកួត​ក្នុង​ពូល​ចុង​ក្រោយ​ជាមួយ​នឹងក្រុមជម្រើសជាតិ​កូរ៉េ​ខាង​ត្បូង និង​សិ្ថតនៅកៅអីបម្រុងក្នុងការ​ប្រកួត​វគ្គ  16 ក្រុម​ចុង​ក្រោយ។



យោងតាមព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ វាត្រូវបានគេរាយការណ៍ថា  Cristiano Ronaldo  បានគំរាមថានិងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាជាមួយនឹងអ្នកចាត់ការទូទៅរបស់ក្រុមគឺលោក  Fernando Santos ។


ថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF)   បាន​បញ្ជាក់​ថាប្រធាន​ក្រុម​ជម្រើសជាតិព័រទុយហ្គាល់   Cristiano Ronaldo  មិនដែលបាននិយាយថាចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិនៅប្រទេសកាតាឡើយ។


សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់បានបន្ថែមទៀតថា ៖  “Cristiano Ronaldo បានបង្កើត​លទ្ធផល​អស្ចារ្យ​ជា​រៀងរាល់ថ្ងៃ​ក្នុង​ក្រុម​ជម្រើសជាតិ​និង​ប្រទេស​កំណើត​របស់គាត់  ដែលគួរតែត្រូវបានការគោរព ហើយវាគឺជាសក្ខីភាពដែលមិនអាចប្រកែកបានចំពោះការប្តេជ្ញាចិត្តរបស់គាត់ចំពោះក្រុមជម្រើសជាតិ”។