មិនត្រឹមតែក្លិបបិសាចក្រហម Man United ប៉ុណ្ណោះទេដែលចាប់អារម្មណ៍ ប៉ុន្តែមានក្រុមធំៗនៅអឺរ៉ុបជាច្រើន សម្លឹងមើលខ្សែប្រយុទ្ធវ័យ 24 ឆ្នាំរូបនេះ


ខ្សែប្រយុទ្ធ Victor Osimhen របស់ក្លិប Napoli បានបង្ហាញពីចេតនាចង់ផ្លាស់ទៅលេងនៅក្របខណ្ឌ English Premier League នាពេលអនាគត។ សម្រាប់រដូវកាលនេះ Osimhen បានបង្ហាញទម្រង់លេងយ៉ាងល្អដោយលេងឱ្យ Napoli គ្រប់ការប្រកួតទាំងអស់ 26 ប្រកួត ស៊ុតបញ្ចូលទីបាន 21 គ្រាប់។ ជាមួយព័ត៌មានទាក់ទងនឹងក្លឹបនៅ​អឺរ៉ុប​ធំៗជាច្រើន ជាពិសេសជាមួយនឹងក្លិប  Manchester United របស់លោក Erik Ten Hag ដែលចង់បានខ្សែប្រយុទ្ធរបស់ជម្រើសជាតិនីហ្សេរីយ៉ាវ័យ 24 ឆ្នាំរូបនេះ មកពង្រឹងក្រុមនៅរដូវក្តៅនេះ។




Osimhen បាននិយាយនៅពេលត្រូវបានសួរអំពីពាក្យចចាមអារ៉ាមជុំវិញការផ្លាស់ទៅ Premier League ថា ៖ "ការលេងនៅ Serie A គឺជារឿងដ៏អស្ចារ្យសម្រាប់ខ្ញុំ។ Premier League ជាលីគដ៏ល្អបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែ​សម្រាប់​ពេល​នេះ ខ្ញុំ​មិន​បាន​គិត​អំពី​រឿង​នោះ​ទាល់​តែ​សោះ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនាពេលអនាគតទេ ”។



គាត់បានបន្ថែមទៀតថា ៖ “ខ្ញុំ​កំពុង​ធ្វើ​ការ​យ៉ាង​លំបាក។ ហើយខ្ញុំសប្បាយចិត្តណាស់នៅទីនេះក្នុងទីក្រុង Naples  ខ្ញុំព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅរបស់ខ្ញុំ។ នេះអាចរួមបញ្ចូលការលេងនៅ Premier League នៅពេលណាមួយនាពេលអនាគត។ ប៉ុន្តែសម្រាប់ពេលនេះ ខ្ញុំសប្បាយចិត្តនឹងបច្ចុប្បន្ន។ សម្រាប់ខ្ញុំ Serie A នៅតែជាលីគដែលមានការប្រកួតប្រជែង។ វា​​ប្លែក​ពី​លីគ​ដទៃ មាន​អ្នក​គាំទ្រ​ច្រើន  ដែលសម្រាប់ខ្ញុំ នេះគឺជាលីគល្អបំផុត”។