* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អ្នកវិភាគជើងចាស់ផ្នែកកីឡារបស់ឥណ្ឌូនេស៊ី ៖ “ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាចចាញ់ឡាវ និងកម្ពុជា ក្នុងពានរង្វាន់ AFF Cup »
អ្នកវិភាគជើងចាស់ផ្នែកកីឡារបស់ឥណ្ឌូនេស៊ី និងជាអ្នកអត្ថាធិប្បាយបាល់ទាត់ប្រចាំប្រទេសចាប់តាំងពីឆ្នាំ ១៩៩៤ លោក Mohamad Kusnaeni មើលឃើញថាក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាចប្រឈមមុខនឹងចាញ់ក្រុមដែលមានកម្រិតលេងដូចជា ឡាវ និងកម្ពុជា ប្រសិនបើពួកគេមិនបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត AFF Mitsubishi Electric Cup នាចុងឆ្នាំនេះ។
ថ្លែងក្នុងកិច្ចសម្ភាសន៏ជាមួយសារព័ត៍មានក្នុងស្រុកលោក Kusnaeni បានលើកឡើងដូច្នេះថា ៖ “ កម្រិតនៃការលេងរបស់ក្រុមទាំងអស់នៅតំបន់អាស៊ានមានការកើនឡើងកាន់តែប្រកៀកគ្នានៅប៉ុន្មានឆ្នាំចុងក្រោយ។ ប្រសិនបើយើងមិនបានត្រៀមខ្លួនល្អទេ យើងនឹងទទួលនូវការបរាជ័យពីក្រុមដែលមានកម្រិតលេងដូចជាឡាវ និងកម្ពុជាក្នុងការប្រកួតចុងឆ្នាំនេះ”។
លោក Mohamad Kusnaeni បានសង្កត់ធ្ងន់ថា៖ “ការត្រៀមលក្ខណៈគឺជាគន្លឹះដ៏សំខាន់សម្រាប់ប្រទេសឥណ្ឌូនេស៊ីនៅ AFF Cup ។ សម្រាប់កីឡាករក្នុងស្រុកត្រូវមានពេលយូរក្នុងការហ្វឹកហាត់ជាមួយគ្នាពេលទៅលេងឲ្យក្រុមជម្រើសជាតិ។ សម្រាប់កីឡាករដែលលេងនៅបរទេស វានឹងមានកម្រិតច្រើនជាង ព្រោះវាអាស្រ័យលើការសម្រេចចិត្តរបស់ក្លឹប”។

ការលើកឡើងខាងលើលោក Kusnaeni បានបង្ហាញការព្រួយបារម្ភចំពោះការថយចុះនៃសមត្ថភាពរបស់កីឡាករដែលត្រូវកោះហៅចូលក្រុមជម្រើសជាតិ បន្ទាប់ពីលីគកំពូលឥណ្ឌូនេស៊ីត្រូវបានផ្អាករហូតមកទល់បច្ចុប្បន្នចាប់តាំងពីមានឧបទ្ទវហេតុនៅក្នុងកីឡដ្ឋាន Kanjuruhan Stadium កាលពីដើមខែតុលាកន្លងទៅ ។