ក្លិប Brighton គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីរយៈពេលវែងដល់ខ្សែប្រយុទ្ធសញញ្ជាតិជប៉ុន Kaoru Mitoma


ក្លិប Brighton and Hove Albion  គ្រោងនឹងផ្តល់កិច្ចសន្យារយៈពេលវែងដល់ខ្សែប្រយុទ្ធសញញ្ជាតិជប៉ុន Kaoru Mitoma នេះបើយោងទៅតាមការសែត 90min ។  Mitoma គឺជាតារាឆ្នើមមួយរូបនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាល 2022/23 ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ក្នុង 12 ប្រកួត  ខណៈដែល Brighton កំពុងតែធ្វើបានល្អមិនគួរឱ្យជឿនៅរដូវកាលនេះ​។



ទម្រង់លេងរបស់កីឡាករវ័យ 25 ឆ្នាំរូបនេះ  ពិតជាគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង រួមទាំងជួយឲ្យក្រុមឈ្នះ Liverpool នៅកីឡដ្ឋាន Amex ក្នុងពានរង្វាន់ FA Cup ទៀតផង ។ យោងទៅតាមការសែត 90min បង្ហាញឱ្យឃើញថា Mitoma និងទទួលបានការតម្លើងប្រាក់ឈ្នួលដ៏ច្រើន និងកិច្ចសន្យាថ្មីរយៈពេលវែងផងដែរ ។ ការពិភាក្សាដំបូងរវាងក្លឹប និងអ្នកតំណាងរបស់កីឡាករកំពុងដំណើរការ ហើយមានសុទិដ្ឋិនិយមជុំវិញលក្ខខណ្ឌនៃការយល់ព្រម  ខណៈដែល Mitoma ត្រូវបានគេនិយាយថាសប្បាយចិត្តខ្លាំងនៅក្លិប Brighton ។

Mitoma មានការចាប់អារម្មណ៍ពីក្លិបកាំភ្លើងធំ Arsenal ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែ Brighton បានបញ្ជាក់យ៉ាងឆាប់រហ័សថាកីឡាករអន្តរជាតិជប៉ុនរូបនេះមិនមែនសម្រាប់លក់ទេ ដូច្នេះ Leandro Trossard ក៏ត្រូវបានអនុញ្ញាតឱ្យផ្លាស់ទៅកីឡដ្ឋាន Emirates តែម្តង ។