លោក Eric Ten Hag មានជំនឿថាប្រសិនបើគ្រួសារ Glazer លក់ក្លិប វានឹងជារឿងល្អសម្រាប់ក្រុម


លោក  Eric Ten Hag  អ្នកចាត់ការទូទៅក្លឹប Manchester United  បានបង្ហាញជំនឿថា ប្រសិនបើគ្រួសារ Glazer ដែលជាម្ចាស់ក្លិប  "បិសាចក្រហម Manchester United  "  សម្រេចលក់ក្លិបនោះ  វានឹងល្អសម្រាប់ក្រុម។ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​ប្រាក់​ច្រើន​ក្នុង​ការ​ចំណាយ​លើ​គម្រោង​ផ្សេងៗ។



ដោយប៉ុន្មានថ្ងៃមុននេះ គ្រួសារ Glazer បានប្រកាសខ្លួនឯងថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាលើការផ្តល់ជូនពីគ្រប់ភាគីដែលមានបំណងចង់វិនិយោគនៅក្នុងក្លិប មិនថាវាជាការទិញភាគហ៊ុនតូចទេ ឬការចូលហ៊ុនគ្នានោះទេ ។ដោយមួយរយៈកន្លងមកនេះ ពួកគេត្រូវបានអ្នកគាំទ្រក្លិប Manchester United រិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងក្លិបមិនបានល្អ រហូតធ្វើឲ្យក្លិបមានស្ថានភាពមិនល្អផងដែរ។



លោក Eric Ten Hag បានបង្ហាញថា៖  “Richard Arnold (ប្រធានប្រតិបត្តិរបស់ Manchester United)  បានប្រាប់ខ្ញុំថាពួកគេ (គ្រួសារ Glazer) បើកចំហដោយចង់លក់ក្លិប។ ខ្ញុំត្រូវបានក្លឹបប្រាប់អំពីរឿងនោះ។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​និយាយ​រឿង​នេះ​ជាមួយ​ម្ចាស់ក្លិប​ទេ។ ព័ត៌មាន​ដែល​ខ្ញុំ​មាន​នៅ​ពេល​នេះ គឺ​វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ក្លឹប​តែ​ប៉ុណ្ណោះ។ ព្រោះ​វា​នឹង​អាច​មាន​ការ​វិនិយោគ​បន្ថែម​ក្នុង​ក្រុម។ នោះជារឿងល្អ”។


គាត់បានបន្ថែមទៀតថា៖  “យើងនិយាយអំពីវប្បធម៌ដែលយើងចង់បាន គោលបំណងរបស់យើង គោលដៅរបស់យើង។ និងអ្វីដែលគាត់ (Arnold) បានទទូចថានឹងមិនផ្លាស់ប្តូរទេ។ ស្ថានភាពទាំងមូលនឹងកាន់តែប្រសើរឡើង ព្រោះថានឹងមានការយល់ព្រមបន្ថែមទៀតសម្រាប់គម្រោងនេះ”។