Cristiano Ronaldo បញ្ជាក់​ថា​ខ្លួន​ឯង​មាន​អារម្មណ៍​ដូច​ជា​មនុស្ស​ល្អ​ជាងមុន បន្ទាប់ពីសម្រេចចិត្តចាកចេញពីក្លិបបិសាចក្រហម


ខ្សែ​ប្រយុទ្ធរបស់​ព័រទុយហ្គាល់ Cristiano Ronaldo បញ្ជាក់​ថា​ខ្លួន​ឯង​មាន​អារម្មណ៍​ដូច​ជា​មនុស្ស​ល្អ​ជាងមុន  បន្ទាប់ពីសម្រេចចិត្តចាកចេញពីក្លិបបិសាចក្រហម Manchester United។ Cristiano Ronaldo បានត្រលប់មកកាន់ទឹកដី Old Trafford ក្នុងឆ្នាំ 2021 បន្ទាប់ពីចាកចេញពី Juventus ដោយកីឡាកររូបនេះបានបង្កើតលទ្ធផលដ៏អស្ចារ្យក្រោមការដឹកនាំរបស់អ្នកចាត់ការ Ole Gunnar Solskjær ។



តារាម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះ ស៊ុតបញ្ចូលទីបាន ២៤គ្រាប់ក្នុង ៣៨ប្រកួតសម្រាប់បិសាចក្រហម ក្នុងរដូវកាល ២០២១/២០២២។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗបានផ្លាស់ប្តូរនៅពេលដែល Ole Gunnar Solskjær ត្រូវបានបណ្តេញចេញកាលពីរដូវកាលមុន។ ហើយក្រុមបានតែងតាំងលោក Erik ten Hag ឱ្យកាន់តំណែងមួយនេះនៅក្នុងរដូវក្តៅមុន។


អនាគតរបស់ Ronaldo មានភាពមិនច្បាស់លាស់ចាប់តាំងពី Ten Hag មកដល់ក្លឹប។ ​តារាឆ្នើម​វ័យ​៣៨​ឆ្នាំ​រូប​នេះ មិន​សូវ​បានបង្ហាញខ្លួននៅ​លើ​ទីលាន​ប៉ុន្មាន​ទេ។ ហើយចាប់ផ្តើមមានបញ្ហាជាមួយគ្រូបង្វឹកហូឡង់រូបនេះគ្រប់ពេល ។


រហូតដល់ចុងក្រោយប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់រូបនេះ  បានផ្តល់បទសំភាសន៍រិះគន់ទៅកាន់ក្លិប Manchester United និង Ten Hag យ៉ាងចាស់  ក្នុងកិច្ចសំភាសន៍ជាមួយលោក Piers Morgan  រហូតឈានទៅដល់ការបញ្ចប់កិច្ចសន្យានៅចុងឆ្នាំមុន ។ ហើយគាត់បានផ្លាស់ទៅលេងឱ្យក្រុម Al-Nasser ដែលជាក្រុមកំពូលនៅប្រទេសអារ៉ាប៊ីសាអូឌីត។



ក្រោយចូលរួមជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងវគ្គជម្រុះ Euro 2024   Ronaldo បានបើក​ចំហ​អំពី​ជីវិតរបស់គាត់​ក្រោយ​ចាក​ចេញ​ពី Manchester United យ៉ាងដូច្នេះថា ៖ "ពេលខ្លះអ្នកត្រូវឆ្លងកាត់អ្វីមួយដូចនេះ ដើម្បីមើលឃើញផ្នែកម្ខាងទៀត។

“ខ្ញុំមិនខ្លាចក្នុងការនិយាយទេ។ ខ្ញុំបានឆ្លងកាត់ពេលវេលាមិនល្អមួយចំនួននៅក្នុងអាជីពរបស់ខ្ញុំ។ ប៉ុន្តែមិនមានពេលសោកស្តាយទេ។ ជីវិតត្រូវតែបន្ត ហើយ​ថា​វាជារឿង​ល្អ​ឬ​អត់ វា​ជា​ផ្នែក​មួយ​នៃ​ការ​រីក​ចម្រើន​របស់​ខ្ញុំ។ នៅពេលយើងឈានជើងដល់កំពូលភ្នំ ជាញាប់ យើង​មិន​អាច​មើល​ឃើញ​អ្វី​ដែល​នៅ​ខាង​ក្រោម​ឡើយ។ ឥឡូវនេះខ្ញុំរៀបចំវាជាច្រើន។ ហើយ​តែង​តែ​រៀនអំពី​រឿង​សំខាន់មួយ  ព្រោះ​ខ្ញុំ​មិន​ដែល​ឆ្លង​កាត់​រឿង​បែប​នេះ​ទេ។