* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អតីតក្លឹបរបស់លោកគ្រូ Keisuke Honda រងការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរពីសហព័ន្ធបាល់ទាត់អូស្ត្រាលី...
ឧប្បត្តិហេតុដ៏អាក្រក់មួយបានកើតឡើងនៅក្នុងលីគកំពូលប្រទេសអូស្ត្រាលី A-League ក្នុងជំនួប Melbourne Derby រវាងក្រុម Melbourne City ទល់នឹងក្រុម Melbourne Victory កាលពីថ្ងៃទី 17 ខែធ្នូ ឆ្នាំមុន ដែលបណ្ដាលមកពីអ្នកគាំទ្ររបស់ក្រុមភ្ញៀវ Melbourne Victory ដោយបានចូលទៅលុកលុយក្នុងទីលាន ហើយបានធ្វើការវាយទៅកាន់កីឡាកររបស់ក្រុម Melbourne City នឹងមន្ត្រីអាជ្ញាកណ្តាលនោះ។
ពេលនេះសហព័ន្ធបាល់ទាត់អូស្ត្រាលីបានសម្រេចធ្វើការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទៅកាន់ក្រុម Melbourne Victory ដោយកាត់ពិន្ទុចំនួន 10 ពិន្ទុ នឹងពិន័យជាប្រាក់ចំនួន 450,000 ដុល្លារអូស្ត្រាលី (255,000 ផោន)។
ខណៈដែលក្រុម Melbourne Victory នឹងត្រូវលេងនៅក្នុងផ្ទះ ដោយបិទទ្វាកីឡាដ្ឋានមិនអោយអ្នកគាំទ្រចូលទៅទស្សនាផ្ទាល់រហូតថ្ងៃទី 15 ខែមករានេះ ហើយអ្នកគាំទ្ររបស់ពួកគេក៏មិនអាចទៅទស្សនាការប្រកួតដោយផ្ទាល់ នៅក្រៅទឹកដីរហូតដល់ចប់នៃរដូវកាលនេះផងដែរ។ ដែលវាត្រូវបានប៉ាន់ស្មានថានឹងធ្វើឱ្យក្លឹប Melbourne Victory ខាតបង់ប្រាក់បន្ថែម 100,000 ដុល្លារអូស្ត្រាលី (57,000 ផោន)។
ស្របពេលការប្រកួតដែលត្រូវបានផ្អាកត្រឹមនាទីទី 22 ក្រោយពីឧប្បត្តិហេតុដ៏អាក្រក់មួយនោះបានកើតឡើង ការប្រកួតនឹងត្រូវលេងឡើងវិញនៅក្នុងខែមេសា ដោយចាប់ផ្ដើមពីនាទីទី 22 ដដែល ហើយក្រុម Melbourne City នៅតែបន្តនាំមុខដោយលទ្ធផល 1-0 ទៅលើក្រុម Melbourne Victory ដដែល។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុម Melbourne Victory ពួកគេបាននិយាយថា៖ “ពួកគេនឹងអនុវត្តន៍តាមការដាក់ទណ្ឌកម្មទាំងអស់ ហើយនឹងធ្វើការធានាថា រាល់ការប្រកួតរបស់ពួកគេទាំងអស់ក្រោយពីផុតទណ្ឌកម្មមួយនេះ នឹងទៅជាបរិយាកាសសុវត្ថិភាពសម្រាប់កីឡាករ អ្នកគាំទ្រ និងមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធទាំងអស់ផងដែរ”។
មួយវិញទៀតសហព័ន្ធបាល់ទាត់អូស្ត្រាលីបានចេញបម្រាមដោយហាមមិនអោយអ្នកគាំទ្ររបស់ក្រុម Melbourne Victory ចំនួន 17 នាក់ដែលត្រូវបានគេកំណត់ថាបានពាក់ព័ន្ធនឹងឧបទ្ទវហេតុកាលពីថ្ងៃទី 17 ខែធ្នូនោះ មិនអោយទៅទស្សនាការប្រកួតដោយផ្ទាល់អស់មួយជីវិត។
គួរបញ្ជាក់ថាឧប្បត្តិហេតុដ៏អាក្រក់ក្នុងជំនួប Melbourne Derby រវាងក្រុម Melbourne City ទល់នឹងក្រុម Melbourne Victory កាលពីថ្ងៃទី 17 ខែធ្នូនោះ បានបណ្ដាលអោយអាជ្ញាកណ្តាលលោក Alex King និងអ្នកចាំទី Tom Glover របស់ក្រុម Melbourne City បានរងរបួសមុខយ៉ាងធ្ងន់ធ្ងរ ក្រោយពីត្រូវប៉ះនឹងធុងដែក។