* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ប្រវត្តិនៃការជួបគ្នារវាងអាហ្សង់ទីន នឹងក្រូអាតមានឈ្នះមានចាញ់ តែមិនដែលស្មើ...
ក្រុមជម្រើសជាតិពពកសអាហ្សង់ទីន នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិក្រូអាត ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Lusail Iconic នាវេលាម៉ោង 2:00 នាទីរំលងអាធ្រាត្រយប់នេះ ម៉ោងនៅកម្ពុជាយើង។
បើនិយាយអំពីការជួបគ្នាវិញ ក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ ធ្លាប់ជួបគ្នាបានចំនួន 4 លើកមានឈ្នះមានចាញ់ទៅវិញទៅមក ប៉ុន្តែមិនដែលធ្លាប់ស្មើគ្នាទាល់តែសោះ។ ខាងក្រោមនេះជាប្រវត្តិនៃការជួបគ្នា 4 លើកកន្លងមករបស់ក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ៖
▪️ អាហ្សង់ទីន 0-3 ក្រូអាត (World Cup 2018)
▪️ អាហ្សង់ទីន 2-1 ក្រូអាត (2014 មិត្តភាព)
▪️ អាហ្សង់ទីន 2-3 ក្រូអាត (2006 មិត្តភាព)
▪️ អាហ្សង់ទីន 1-0 ក្រូអាត (World Cup 1998)

ក្រុមជម្រើសជាតិអាហ្សង់ទីនរបស់លោកគ្រូ Lionel Scaloni បានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 នេះ ដោយយកឈ្នះហូឡង់ 4-3 ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ បន្ទាប់ពីស្មើគ្នា 2-2 ពេញ 120 នាទី។
ការប្រកួតជាមួយក្រូអាតនៅរាត្រីនេះ អាហ្សង់ទីននឹងអវត្តមានកីឡាករសំខាន់ៗពីររូបគឺខ្សែការពារស្លាបស្ដាំកីឡាករ Gonzalo Montiel និងខ្សែការពារស្លាបឆ្វេងកីឡាករ Marcos Acuña ដែលត្រូវជាប់ពិន័យដោយសារជាប់កាតលឿងពីរដង។

ចំណែកខ្សែប្រយុទ្ធស្លាបកីឡាករ Papu Gomez ដែលមានរបួសកជើងត្រូវបានគេរំពឹងថានឹងមានកាយសម្បទាទាន់ពេលសម្រាប់ការប្រកួតជាមួយក្រូអាតនេះ ព្រមទាំង Angel Di Maria ដែលជាកីឡាករបម្រុងក្នុងការប្រកួតជាមួយហូឡង់ ក៏ត្រៀមលេងជម្រើស 11 នាក់ដំបូងវិញផងដែរ។

ខណៈដែលកីឡាករសំខាន់ៗផ្សេងទៀតរួមមាន Lionel Messi, Julian Alvarez, Emiliano Martinez, Rodrigo de Paul, Christian Romero និង Nicolas Otamendi នៅតែចូលលេងបានជាធម្មតា។

ចំណែកក្រុមជម្រើសជាតិក្រូអាតរបស់លោកគ្រូ Zlatko Dalic វិញ បានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 នេះ ដោយយកឈ្នះប្រេសុីល 4-2 ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ បន្ទាប់ពីស្មើគ្នា 1-1 ពេញ 120 នាទី។
ហើយការប្រកួតជាមួយអាហ្សង់ទីននៅរាត្រីនេះ ក្រូអាតមិនមានបញ្ហាចំពោះរឿងកីឡាកររបួស ឬជាប់ពិន័យអ្វីនោះឡើយ ពោលគឺពេញជើងតែម្ដង។

ខណៈដែលអាជ្ញាកណ្តាលកាត់សេចក្ដីក្នុងការប្រកួតនេះគឺលោក Daniele Orsato សញ្ជាតិអុីតាលី។
