* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ប្រធាន FIFA ចាស់ រិះគន់ប្រធាន FIFA បច្ចុប្បន្នចំៗបែបនេះថា...
អតីតប្រធាន FIFA លោក Sepp Blatter បាននិយាយរិះគន់ចំៗទៅកាន់ប្រធាន FIFA បច្ចុប្បន្នលោក Gianni Infantino ថា៖ អ្នកកំពុងតែព្យាយាមរកលុយច្រើនពេកហើយពីការប្រកួតបាល់ទាត់ ហើយមិនគួរទៅលូកដៃចូលក្នុងការប្រកួតបាល់ទាត់នៅកម្រិតក្លឹបនោះទេ។
ហើយលោកក៏បានចោទប្រធាន FIFA បច្ចុប្បន្នលោក Gianni Infantino ថាបានចំណាយប្រាក់លើសពីផែនការដែលបានកំណត់ បន្ទាប់ពីធ្វើការផ្លាស់ប្តូរទម្រង់នៃការប្រកួតទាំងព្រឹត្តិការណ៍ FIFA World Cup និងពានរង្វាន់ FIFA Club World Cup។
គួរបញ្ជាក់ថានៅប៉ុន្មានឆ្នាំមកនេះលោក Infantino ដែលជាប្រធាន FIFA បច្ចុប្បន្នត្រូវបានគេរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តគោលនយោបាយមួយចំនួនដែលផ្តោតលើទីផ្សារច្រើនជាងសុខភាពកីឡាករ ឬស្ថានភាពរស់នៅរបស់ក្លឹបនីមួយៗ។
ជាឧទាហរណ៍ ដោយចាប់ពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 តទៅ FIFA បានពង្រីកក្រុមចូលរួមពី 32 ទៅ 48 ក្រុមនៅជុំផ្តាច់ព្រ័ត្រ។ ខណៈដែលពានរង្វាន់ FIFA Club World Cup នឹងពង្រីកក្រុមចូលរួមពី 7 ទៅ 32 ក្លឹបជំនួសវិញចាប់ពីឆ្នាំ 2025 តទៅ។ខណៈដែលលោក Blatter បានបន្ថែមទៀតថា៖ អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺការព្យាយាមរកលុយច្រើនពេកពីការប្រកួតបាល់ទាត់។ វាប្រៀបដូចជាការព្យាយាមច្របាច់ទឹកក្រូចឆ្មា ចេញពីផ្លែក្រូចឆ្មាច្រើនឡើងៗអញ្ចឹង។
