* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ឈុតជម្រើស 11 នាក់ដំបូងដែលបានជួយអោយក្រូអាតជោគជ័យបំផុតនៅ World Cup 2018 បាត់ច្រើននៅ Word Cup 2022 នេះ...

ក្រុមជម្រើសជាតិក្រូអាតវិះនឹងក្លាយជាម្ចាស់ពានរង្វាន់ World Cup ទៅហើយកាលពីឆ្នាំ 2018 ប៉ុន្តែសំណាងមិនបាននៅខាងពួកគេ ដោយអោយពួកគេបានត្រឹមជើងឯករង ក្រោយពីចាញ់បារាំងក្នុងវគ្គផ្ដាច់ព្រ័ត្រ 4-2។
ប៉ុន្តែទោះជាយ៉ាងណាក៏ World Cup 2018 នៅប្រទេសរុស្សីអាចនិយាយបានថាជា World Cup ដែលក្រូអាតធ្វើបានល្អបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ព្រោះពេលនោះគ្មាននរណាៗគិតថា ក្រូអាតអាចឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រនោះទេ ព្រោះតែវគ្គ 4 ក្រុមចុងក្រោយពួកគេត្រូវប៉ះក្រុមខ្លាំងអង់គ្លេស។

គួរបញ្ជាក់ថា World Cup 2022 នៅប្រទេសកាតាជា World Cup លើកទី6 ហើយ ដែលក្រូអាតអាចឈានទៅចូលរួមប្រកួតនៅជុំចុងក្រោយបាន។ ខណៈដែលក្រូអាតបានចូលលេង World Cup ដំបូងក្នុងឆ្នាំ1998 ដែលពេលនោះបារាំងជាម្ចាស់ផ្ទះ ក្រោយពីពួកគេបានផ្ដាច់ខ្លួនចេញពីយូហ្គោស្លាវី និងចូលជាសមាជិករបស់ FIFA។ ហើយអ្វីដែលកាន់តែអស្ចារ្យ គឺពេលនោះពួកគេដណ្ដើមបានចំណាត់ថ្នាក់លេខ 3 ក្រោយពីបានយកឈ្នះហូឡង់ 2-1 នៅក្នុងទីក្រុងប៉ារីស។

ក្រឡេកទៅមើលក្រុមជម្រើសជាតិក្រូអាតនៅ World Cup 2022 នេះវិញ សង្កេតឃើញថាសមាជិកទាំង 26 នាក់ចុងក្រោយដែលលោកគ្រូ Zlatko Dalić កោះហៅហាក់ដូចជាថ្មីៗច្រើនមែនទែន។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺសមាជិកដែលតែងតែជាប់ជម្រើស 11 នាក់ដំបូងកាលពី World Cup 2018 នៅរុស្សីដូចជាបាត់មុខច្រើន។

តោះអញ្ចឹងយើងទៅមើលថា តើកីឡាករណាខ្លះដែលកាលពី World Cup 2018 ជាតួអង្គដ៏សំខាន់ ប៉ុន្តែបែរជាមិនមានវត្តមានជាមួយក្រូអាតនៅ World Cup 2022 នេះ៖
. អ្នកចាំទី Danijel Subasic បច្ចុប្បន្នមានវ័យ 38 ឆ្នាំនឹងកំពុងប្រកបអាជីពជាមួយក្រុម Hajduk Split លីគកំពូលប្រទេសក្រូអាត (អត់មានឈ្មោះ)
. ខ្សែការពារស្លាបស្ដាំ Šime Vrsaljko បច្ចុប្បន្នមានវ័យ 30 ឆ្នាំនឹងកំពុងប្រកបអាជីពជាមួយក្រុម Olympiacos លីគកំពូលប្រទេសក្រិក (អត់មានឈ្មោះ)
. ខ្សែការពារស្លាបឆ្វេង Ivan Strinić បច្ចុប្បន្នមានវ័យ 35 ឆ្នាំចូលនិវត្តន៍
. ខ្សែការពារកណ្ដាល Vedran Ćorluka បច្ចុប្បន្នមានវ័យ 36 ឆ្នាំចូលនិវត្តន៍
. ខ្សែបម្រើ Ivan Rakitić បច្ចុប្បន្នមានវ័យ 34 ឆ្នាំនឹងកំពុងប្រកបអាជីពជាមួយក្រុម Sevilla លីគកំពូលប្រទេសអេស្ប៉ាញ (អត់មានឈ្មោះ)
. ខ្សែប្រយុទ្ធ Mario Mandžukić បច្ចុប្បន្នមានវ័យ 36 ឆ្នាំចូលនិវត្តន៍
. ខ្សែប្រយុទ្ធស្លាប Ante Rebić បច្ចុប្បន្នមានវ័យ 29 ឆ្នាំនឹងកំពុងប្រកបអាជីពជាមួយក្រុម AC Milan លីគកំពូលប្រទេសអុីតាលី (អត់មានឈ្មោះ)

គួរបញ្ជាក់ថា World Cup 2022 នេះ ក្រូអាតស្ថិតនៅក្នុងពូល F ដោយប្រកួតដំបូងត្រូវប៉ះម៉ារ៉ុក នៅថ្ងៃពុធ ទី23 ខែវិច្ឆិកា ប្រកួតទី2 ត្រូវប៉ះកាណាដា នៅថ្ងៃអាទិត្យ ទី27 ខែវិច្ឆិកា នឹងប្រកួតចុងក្រោយ ត្រូវប៉ះបែលហ្សិក នៅថ្ងៃព្រហស្បត្តិ៍ ទី01 ខែធ្នូ។
