* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូប្រេសុីលប្រកាសលាលែងពីតំណែងភ្លាមៗ ក្រោយប្រេសុីលជ្រុះចេញពីពាន World Cup 2022...
គ្រូបង្វឹកក្រុមជម្រើសជាតិប្រេសុីលលោក Tite បានប្រកាសលាលែងពីតំណែងរបស់ខ្លួនភ្លាមៗ ក្រោយពីក្រុមជម្រើសជាតិប្រេសុីលជ្រុះចេញពីពានរង្វាន់ FIFA World Cup Qatar 2022 ត្រឹមវគ្គ 8 ក្រុមចុងក្រោយក្រោមថ្វីជើងក្រូអាត។
ក្រុមជម្រើសជាតិប្រេសុីល ដែលជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងៗ ដែលគេគិតថាអាចនឹងឈ្នះពាន World Cup 2022 នេះនោះ បានរងបរាជ័យនៅវគ្គ 8 ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមជើងឯករង World Cup 2018 ក្រូអាត។ ខណៈដែលក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ បានប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុតអស់រយៈពេល 120 នាទីដែលបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា 1-1 ប៉ុន្តែឈានទៅដល់វគ្គប៉េណាល់ទីកាត់សេចក្ដីប្រេសុីលបានភ្លាត់ចាញ់ក្រូអាតក្នុងលទ្ធផល 4-2។


គ្រូបង្វឹកក្រុមជម្រើសជាតិប្រេសុីលលោក Tite បាននិយាយថា៖ "វត្តមានរបស់ខ្ញុំជាមួយប្រេសុីលបានបញ្ចប់ហើយ ហើយខ្ញុំរក្សាតាមពាក្យសន្យារបស់ខ្ញុំ"។ មានអ្នកជំនាញដែលអស្ចារ្យផ្សេងទៀតដែលអាចជំនួសខ្ញុំ។
គួរបញ្ជាក់ថាលោក Tite បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេសុីលកាលពីថ្ងៃទី16 ខែមិថុនា ឆ្នាំ 2016។ ខណៈដែលសមិទ្ធផលរបស់លោក Tite ជាមួយប្រេសុីលក្នុងរយៈពេល 6 ឆ្នាំមកនេះ គឺលោកបានជួយអោយប្រេសុីលឈ្នះពានរង្វាន់ Copa América កាលពីឆ្នាំ 2019។


ខណៈដែលប្រេសុីលតាំងតែពីពួកគេបានឈ្នះពាន World Cup លើកចុងក្រោយកាលពីឆ្នាំ 2002 នៅជប៉ុន-កូរ៉េខាងត្បូងនោះមក គឺពួកគេមិនដែលបានឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រពាន World Cup ម្ដងណាទៀតនោះទេ។
