សមាគមបាល់ទាត់វៀតណាម ដាក់គោលដៅទៅលេងជុំចុងក្រោយ World Cup ឆ្នាំ 2030...

សមាគមបាល់ទាត់វៀតណាម កំណត់គោលដៅធំសម្រាប់រយៈពេល 8 ឆ្នាំខាងមុខ ដើម្បីឈានទៅលេងជុំចុងក្រោយ World Cup ឆ្នាំ 2030 ក៏ដូចជាអភិវឌ្ឍក្រុម U23 ផងដែរ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ទទួល​បាន​ជោគជ័យ​ទាំង​ក្រុម​បុរស និង​ក្រុម​នារី ជាខ្លាំងនៅ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្រុមបុរសតែម្ដង ដែលអាចទទួលបានកៅអីទៅលេង ក្នុងការប្រកួតកម្រិតអាស៊ីគ្រប់ឈុតទាំងអស់ ដោយចាប់ផ្តើមពី U16 U19 U23 និងឈុតធំ។

ហើយអ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ទៀតនោះ គឺទម្រង់លេងដ៏លេចធ្លោបំផុតនៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របស់ក្រុមជម្រើសជាតិឈុតធំវៀតណាម ដែលពួកគេអាចឈានទៅដល់វគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup ឆ្នាំ 2019 នឹងបានឈានទៅដល់ជុំទី3 (ក្រុមទាំង 12 ចុងក្រោយ) ក្នុងវគ្គជម្រុះ World Cup ឆ្នាំ 2022 តំបន់អាស៊ី រួមទាំងបានសាងប្រវត្តិសាស្ត្រថ្មី ដោយបានក្លាយជាក្រុមជម្រើសជាតិអាស៊ានដំបូងគេ ដែលរកបានពិន្ទុច្រើនជាងគេនៅក្នុងវគ្គនេះផងដែរ។

សម្រាប់​គោលដៅ​ថ្មី​របស់​ក្រុម​បាល់ទាត់​ជម្រើសជាតិ​វៀតណាម​ឈុត​ធំ​ ដែល​សមាគម​របស់ពួកគេបាន​ដាក់​ចេញ​នោះរួមមាន៖

_ឈានទៅកាន់ក្រុមកំពូលទាំង 10 នៅអាសុី

_ឡើងដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រពាន AFC Asian Cup ឆ្នាំ 2023 នឹងបានទៅវគ្គផ្តាច់ព្រ័ត្រពាន AFC Asian Cup ឆ្នាំ 2027

_បានឡើងទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ នៃ​ការ​ប្រកួត​បាល់​ទាត់កម្រិត​អាស៊ាន​ឆ្នាំ​ 2022 ឆ្នាំ 2024 និង​ 2026 ហើយ​ឈ្នះ​យ៉ាង​តិច 1 ​ដង

_បានឡើងទៅកាន់ជុំចុងក្រោយ World Cup ឆ្នាំ 2030 ។

Related